
កូរ៉េខាងត្បូង៖ រំឭកទៅអំលុងពេលជាង ១០ឆ្នាំមុន ក្រុម T-ara បានឆក់យកបេះដូងអ្នកគាំទ្រខ្លាំងរហូតសមាជិកក្រុមនីមួយៗរកពេលសម្រាកគ្មាន ក្រោយសន្ទុះប្រជាប្រិយភាពបានស្ទុះឡើងខ្លាំង ធ្វើឱ្យកាលវិភាគការងាររបស់ក្រុមតារាស្រីទាំងនេះមានភាពមមាញឹកខ្លាំងរហូតគ្មានពេលបានជួបគ្រួសារឡើយ។

ជាក់ស្តែង សម្រាប់ឪពុករបស់ Jiyeon ដោយសារនឹករឭកកូនស្រីខ្លាំងពេក ទើបធ្វើឱ្យលោកសុខចិត្តឈរតម្រង់ជួរជាមួយនឹងអ្នកគាំទ្រក្រុម T-ara ដើម្បីបានជួបមុខកូនស្រីក្នុងកម្មវិធីជួបជុំអ្នកគាំទ្រ បើទោះជាពេលវេលាបានជួបមុខកូនស្រីមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីឪពុករបស់ Jiyeon។

ទិដ្ឋភាពពេលនោះបានធ្វើឱ្យសមាជិកក្រុមឯទៀត រួមទាំងក្រុមការងារ ក៏ដូចជាអ្នកគាំទ្ររំភើបចិត្តជាខ្លាំង ចំណែកឯ Jiyeon វិញមានអារម្មណ៍រំភើប និងព្យាយាមទប់ទឹកភ្នែកមិនចង់ឱ្យស្រក់មុខមនុស្សច្រើនឡើយ។ Jiyeon ធ្លាប់បាននិយាយថា ស្ថានភាពធ្មេញរបស់ឪពុកនាងមិនសូវល្អឡើយ ហើយនាងបានខំប្រឹងប្រែងរកលុយឱ្យបានច្រើនដើម្បីឱ្យឪពុកនាងយកទៅព្យាបាលធ្មេញ។

គួរបញ្ជាក់ដែរថា វីដេអូឪពុកកូនទាំង២ ឱបគ្នាដោយក្តីនឹករឭកបានធ្វើឱ្យគ្រប់គ្នារំជួលចិត្តជាខ្លាំង ប៉ុន្តែរហូតមកទល់ពេលនេះក្រោយចំណាយពេលលើវិថីសិល្បៈអស់ជាច្រើនឆ្នាំមក តារាស្រីរូបនេះក៏មានជីវិតល្អប្រសើរ ថែមទាំងទើបសម្រេចចិត្តសាងគ្រួសារជាមួយបុរសម្នាក់កាលពីខែកុម្ភៈ ឆ្នាំ២០២២ ថ្មីៗនេះផងដែរ៕



(ទស្សនាវីដេអូ)