ភ្នំពេញ៖ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ(ក.ជ.ក.) បានធ្វើការថ្កោលទោសចំពោះស្ត្រីជាម្តាយដែលបានយកទារិការអាយុ១ខែ១០ថ្ងៃ ទៅបោះក្នុងទឹកប្រឡាយក្រោយផ្ទះក្នុងចេតនាឱ្យស្លាប់ នៅភូមិព្រៃកូនសេក ឃុំអូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងសេចក្ដីថ្លែងការណ៍របស់គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្កា ដោយមិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តិអំពើឃោរឃៅយង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌របស់ស្ត្រីជាម្តាយបង្កើត ឈ្មោះ ហន សាមេន អាយុ២២ឆ្នាំ បានយកទារិកាឈ្មោះ ជៀប កាន់ទីយ៉ា អាយុ១ខែ១០ថ្ងៃ ទៅបោះក្នុងទឹកប្រឡាយក្រោយផ្ទះ បណ្តាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអាធម្ម។
ក្នុងករណីនេះ ក.ជ.ក មានក្តីរន្ធត់ តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរយ៉ាងក្រៃលែងចំពោះ ទារិកាឈ្មោះ ជៀប កាន់ទីយ៉ា ដែលទទួលរងគ្រោះបាត់បង់ជីវិតយ៉ាងអាណោចអាធម្ម សោកសៅ និងខ្លោចផ្សាបំផុត ដោយទង្វើអមនុស្សធម៌។ អំពើនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេសសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានកិច្ចការពារ និងបានធ្វើការថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើអមនុស្សធម៌ របស់ម្តាយទារិការ ដែលបណ្តាលឱ្យទារិការបាត់បង់ជីវិតគូរឱ្យសង្វែគ និងបង្ហាញពីការធ្លាក់ចុះនូវសីលធម៌ និងការទទួលខុសត្រូវ កាតព្វកិច្ចក្នុងនាមជាម្តាយ។
ក.ជ.ក. ក៏បានធ្វើការអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះជនល្មើសដែលត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធីច្បាប់ជាធរមាន ដើម្បីកុំឱ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមបន្តទៀត៕