កម្សាន្ត៖ បន្ទាប់ពីបានសម្តែងក្នុងរឿងភាគបុរាណខ្មែរ “នគរមាស” រួចមក ពេលនេះចូលដល់រឿងភាគសម័យម្តងដែលតារាសម្តែងពន្លកថ្មី ពៅ សុវណ្ណម៉ារីតា បានចូលរួមសម្តែងក្នុងរឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស”។
ជាតួអង្គអ្នកគ្រូបង្រៀនម្នាក់ដែលមានឈ្មោះ ពិសី ដំបូងឡើយគឺជាតួអង្គស្លូតបូត សុភាពរាបសារដែលគ្រប់គ្នាតែងស្រលាញ់ ចូលចិត្ត។ ប៉ុន្តែរហូតចាប់តាំងពីមានវត្តមានអ្នកគ្រូពេទ្យ លីដាវណ្ណារី ចុះដល់ស្រុកភូមិដើម្បីបំពេញបេសកកម្មមក វណ្ណារី ត្រូវបាននាយប៉ូលិស ខេន លួចពេញចិត្តខណៈអ្នកគ្រូ ពិសី ក៏បានលួចប្រតិព័ទ្ធលើនាយប៉ូលិសសង្ហារូបនេះផងដែរ។
យ៉ាងណាមិញ ពីមួយថ្ងៃទៅមួយថ្ងៃអ្នកគ្រូ ពិសី កាន់តែផុងខ្លួនធ្វើរឿងមិនគប្បីកាន់តែខ្លាំងឡើយ រហូតចេះនិយាយពាក្យកុហកថា នាងមានផ្ទៃពោះជាមួយនាយប៉ូលិស ខេន ដើម្បីឱ្យអ្នកគ្រូពេទ្យ វណ្ណារី ឈឺចិត្ត និងដកខ្លួនចេញទៅឱ្យឆ្ងាយ។
ដោយសារតែអ្នកគ្រូ ពិសី តែម្នាក់គត់ទើបធ្វើឱ្យស្នេហារបស់អ្នកគ្រូពេទ្យ វណ្ណារី និងនាយ ខេន មានការយល់ច្រលំនឹងគ្នាពីមួយរឿងទៅមួយរឿងមិនចេះចប់។ មិនដឹងថា ស្នេហាដែលជួបឧបសគ្គដោយសារមានអ្នកចាំជ្រៀតជ្រែងមួយនេះនឹងទៅជាយ៉ាងណាបន្តទៀត?
កុំភ្លេចតាមដានទស្សនារឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅលើ CBS Digital លើផេក CTN TV Drama រៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់តទៅ៕
(តំណភ្ជាប់ វីដេអូ)
https://www.youtube.com/watch?v=rkA4kd0EKL8