ទីក្រុងសៀងហៃបានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតមួយមិនធ្លាប់មានពីមុនមក ដែលមានអ្នកឆ្លងច្រើនជាង១៣ ០០០នាក់ក្នុងមួយថ្ងៃ និងមនុស្សចំនួន២៥លាននាក់កំពុងតែស្ថិតក្នុងការបិទខ្ទប់។ ជាមួយនឹងការធ្វើតេស្តដ៏ធំមួយ ទីក្រុងនេះបានរកឃើញការរីករាលដាលដ៏ខ្លាំងក្លានៃវ៉ារ្យង់អូមីក្រុង ដែលនាំឱ្យករណីឆ្លងកូវីដ-១៩ សរុបទូទាំងប្រទេសកើនឡើងដល់១៦ ៤១២ករណី ជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩នេះ។
យោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា អ្នកឆ្លងកូវីដ-១៩ នៅទីក្រុងសៀងហៃមានចំនួន១៣ ៣៥៤នាក់កាលពីថ្ងៃចន្ទ ដែលបានកើនឡើងពី៩ ០០៦ករណី នៅអាទិត្យ ក៏ដូចជាស្ទើរតែគ្មានករណីឆ្លងសោះនៅដើមខែមីនា។ ទន្ទឹមនឹងនេះដែរ បុគ្គលិកពេទ្យរាប់ពាន់នាក់បានមកដល់ទីក្រុងនេះ ដើម្បីជួយក្នុងការធ្វើតេស្ត។ ចំណែកឯជំនួញ និងរោងចក្រមួយចំនួននៅតែបន្តបិទទ្វារ ហើយរោងចក្រនៅសៀងហៃរបស់ក្រុមហ៊ុនTesla Inc. ក៏ត្រូវបានផ្អាកដំណើរការអាជីវកម្មអស់រយៈពេល២សប្ដាហ៍មកហើយ។
ប្រទេសចិនជាប្រទេសចុងក្រោយបង្អស់ក្នុងពិភពលោក ដែលនៅតែបន្តការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របពេលប្រទេសដទៃទៀតទទួលបានជោគជ័យក្នុងការប្រឆាំងនឹងវីរុសរាតត្បាតដ៏កាចសាហាវមួយនេះ ដែលរួមមានប្រទេសសិង្ហបុរី អូស្រ្តាលី និងណូវែលសេឡង់ ដោយប្រទេសទាំងនេះបានចាប់ផ្ដើមបើកប្រទេសឡើងវិញ នៅពេលដែលចំនួនអ្នកចាក់វ៉ាក់សាំងស្ថិតនៅក្នុងចំនួនដ៏ប្រសើរមួយ៕
ប្រភព៖ Hellokrupet