×

ខេត្តបាត់ដំបង នឹងរៀបចំ​សង្ក្រាន្ត​ឆ្នាំថ្មី ឆ្នាំ២០២២ មានរយៈពេល ៣ថ្ងៃ ក្នុងពិធីបុណ្យ​ចូលឆ្នាំ​ខាងមុខ នៅក្នុង​ក្រុងបាត់ដំបង

បាត់ដំបង៖ យោងតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលភ្នាក់ងារ CNC ប្រចាំខេត្តបាត់ដំបង ទទួលបាននៅល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ដែលមានការចុះហត្ថលេខាដោយ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះបានបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ គ.ស. ២០២២ ខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធី “សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២២” នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានកម្មវិធីកម្សាន្តសប្បាយ លេងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រី សំដែងសិល្បៈ និងរាំកម្សាន្ត រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែ មេសា ឆ្នាំ២០២២ ។

ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា ទីតាំងចំនួន០៣ នឹងត្រូវរៀបចំសង្រ្កាន្តឆ្នាំថ្មីនេះ គឺទីតាំងទី១ ស្ថិតនៅក្នុងបរិវេណខាងក្នុងសាលាខេត្តបាត់ដំបង រួមទាំងក្នុងអាគារសាលាខេត្តចាស់ (សារមន្ទីរប្រវត្តិសាស្ត្រខេត្ត)

ទីតាំងទី២ និងទីតាំងទី៣ ស្ថិតនៅបរិវេណខាងមុខសាលាខេត្តបាត់ដំបង រហូតដល់ស្ពានថ្មចាស់ និងស្ពានថ្ម១៣មករា និងក្នុងបរិវេណសួននាគសន្តិភាព ។ ក្រៅពីនេះក៏មានការប្រគុំតន្ត្រីសម័យនៅសួនដើមពោធិ៍ព្រឹក្សផងដែរ ។

ទន្ទឹមនេះ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូនអធិកអធម រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អប្រសើររបស់ជាតិ និងទប់ស្កាត់បាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង រដ្ឋបាលខេត្តបាត់ដំបង សូមណែនាំឱ្យប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដែលចូលរួមក្នុងកម្មវិធីនេះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងវិធានការ “៣ការពារ និង៣កុំ” របស់សម្តេចតេជោនាយករដ្ឋមន្តី ដូចជាការពាក់ម៉ាស់ ការលាងដៃជាមួយអាល់កុល ឬជែលសម្លាប់មេរោគ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល-សង្គម ។

 

ដោយ៖ គួយ គឹមស៊ន

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង