ភ្នំពេញ៖ ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានបញ្ជាក់កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ថា ដោយពិធីបុណ្យចូលឆ្នាំថ្មីជិតចូលមកដល់ហើយនោះ ប្រជាពលរដ្ឋ បានកក់សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋានឯកជនជាបណ្ដើរៗនៅតាមបណ្ដាខេត្តនានា ដូចជា នៅខេត្តជាប់តំបន់ឆ្នេរ មានការកក់សឹងតែពេញទៅហើយ នៅខាងប៉ែកភាគឦសាន ក៏មានការកក់ច្រើន រីឯនៅខាងខេត្តសៀមរាប ក៏កក់ច្រើនដែរ។
បើតាមលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមនទេសចរណ៍កម្ពុជា បានឱ្យដឹងថា ក្រៅអំពីខេត្តសៀមរាប និងតំបន់ឆ្នេរសមុទ្រ ភ្ញៀវទេសចរ ក៏អាចទៅទស្សនាកម្សាន្តនៅតាមតំបន់អេកូទេសចរណ៍ផ្សេងៗទៀត ដូចជានៅខេត្តកោះកុង នៅខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរីនៅតំបន់ភូមិភាគឦសាន ដែលសម្បូរទៅដល់តំបន់ទេសចរណ៍ច្រើន និងអាកាសធាតុល្អ។
លោកស្រីបន្តថា ក្រៅពីនេះ ខេត្តបាត់ដំបង ក៏ជាជម្រើសល្អៗសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តដំណើរទេសចរណ៍នៅតាមរមណីយដ្ឋាន តំបន់បេតិកភណ្ឌប្រវត្តិសាស្ត ម្ហូបអាហារឆ្ងាញ់ៗជាដើម។
បើយោងតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា ក្រសួងទេសចរណ៍ បានសង្កេតឃើញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១មក គឺមានការរំពឹងទុកថា នឹងភ្ញៀវទេសចរចេញដើរកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំខាងមុខ ខណៈមកទល់ពេលនេះ នៅគោលដៅធំ មានការកក់សណ្ឋាគារ ផ្ទះសំណាក់ ច្រើនណាស់ដែរហើយ ដូចជា សៀមរាប មណ្ឌលគិរី ខេត្តជាប់តំបន់ឆ្នេរជាដើម៕