កណ្ដាល៖ ពិតណាស់ នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ អ្នករស់នៅទីក្រុងភ្នំពេញភាគច្រើន គិតដល់ការធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានទេសចរណ៍ឆ្ងាយៗ ពិសេសទឹកដីអង្គរ ដែលមានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំ តំបន់ឆ្នេរ និងភូមិភាគឦសាន ដើម្បីសម្រាកលំហែកាយពីការងារមួយរយៈ។ ប៉ុន្តែ ប្រជាពលរដ្ឋមួយចំនួន ក៏មិនមានគម្រោងធ្វើដំណើរកម្សាន្តទៅណាឆ្ងាយៗដែរ។
សម្រាប់អ្នករស់នៅភ្នំពេញ ដែលមិនបានធ្វើដំណើរទៅតាមបណ្ដាខេត្តនានាដោយបារម្ភគ្មានកន្លែងគេង ក៏អាចចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តបានផងដែរ ដោយពុំចាំបាច់ធ្វើដំណើរទៅណាឆ្ងាយ ដោយគ្រាន់តែចំណាយពេលប្រហែលកន្លះម៉ោងប៉ុណ្ណោះ ដោយធ្វើដំណើរទៅកាន់ទីក្រុងតាខ្មៅ ជាប់រាជធានីភ្នំពេញ។
រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំកម្មវិធីបែបសាសនា និងកម្សាន្តសប្បាយជាច្រើន ក្នុងព្រឹត្តិការណ៍សង្ក្រាន្តនៅក្រុងតាខ្មៅ រួមមាន៖ កម្មវិធីតាមបែបសាសនា ពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ពិធីចម្រើនព្រះបរិត្ត សូត្រមន្តលើករាសី របាំបួងសួង និងរបាំត្រុដ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ។ ពិធីកម្សាន្តសប្បាយរួមមាន៖ កម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ចោលឈូង បោះអង្គុយ លាក់កន្សែង ទាញព្រ័ត ស្តេចចង់ ជាដើម។ កម្មវិធីកីឡា មានការប្រកួតកីទ្បាជាច្រើនប្រភេទ រីឯក្នុងពេលរាត្រី មានកម្មវិធីសម្តែងសិល្បៈ រាំស្គរដី ការប្រគុំតន្ត្រីសម័យដោយមានការចូលរួមពីតារាល្បី អមជាមួយនិងការបណ្តែតប្រទីបលើផ្ទៃទឹក បង្ហោះគោមលើអាកាស បាញ់កាំជ្រួច សួនថតរូបអនុស្សាវរីយ៍មានជាច្រើនទម្រង់ ព្រមទាំងមានស្តង់លក់ផលិតក្នុងស្រុកជាច្រើនផងដែរ។
សូមជម្រាបថា សង្ក្រាន្តខេត្តកណ្ដាល នឹងរៀបចំនៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២។
កាន់តែងាយស្រួលទៀតនោះ ប្រជាពលរដ្ឋអាចចូលរួមព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ នៅថ្ងៃទី១៤-១៥-១៦ ខែមេសាខាងមុខនេះផងដែរ៕