កូរ៉េខាងត្បូង៖ បន្ទាប់ពីរឿងរ៉ាវអាស្រូវស្នេហារបស់តារាសម្តែងប្រុសក្នុងរឿង F4 កូរ៉េលោក Kim Hyun Joong បានផ្ទុះឡើងកាលពីអំលុងឆ្នាំ២០១៤ កន្លងទៅ តារាប្រុសរូបនេះបានស្ងប់ស្ងាត់អស់រយៈពេល ៨ឆ្នាំដោយកេរ្តិ៍ឈ្មោះបានធ្លាក់ចុះដល់បាត។
រំឭកទៅកាលពី ៨ឆ្នាំមុន អតីតមិត្តស្រីរបស់ Kim Hyun Joong បានដាក់ពាក្យប្តឹងលោកពីបទប្រើអំពើហឹង្សាវាយនាងដល់បាក់ឆ្អឹងជំនី ៦កង់ថែមទាំងត្រូវរលូតកូនក្នុងផ្ទៃទៀតផង។ បញ្ហាក្តីក្តាំងបានកើតឡើងជាបន្តបន្ទាប់រហូតធ្វើឱ្យប្រជាប្រិយភាពតារាប្រុសរូបនេះត្រូវបានរលត់ទាំងស្រុងលើវិថីសិល្បៈ។
ប៉ុន្តែពេលនេះលោកបានត្រលប់មកវិញដោយថែមទាំងប្រកាសថា លោកនឹងរៀបការជាមួយមិត្តស្រីជាអ្នកក្រៅរង្វង់សិល្បៈដែលនាងជាមនុស្សស្រីដែលនៅក្បែរលោកអំលុងពេលដែលលោកបានជួបព្យុះភ្លៀងនាពេលកន្លងមក។
បន្ទាប់ពីបានឆ្លងកាត់បញ្ហាជាច្រើនកន្លងមក ទីបំផុត Kim Hyun Joong បានប្រកាសដំណឹងរៀបការរបស់ខ្លួនក្នុងកម្មវិធីប្រគំតន្ត្រីតូចមួយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។ អ្នកគាំទ្រជាច្រើនបានសង្ឃឹមថា នេះអាចចាត់ទុកជាកម្មវិធីដែលតួអង្គក្នុងរឿង F4 បីរូបទៀតបានជួបជុំគ្នាសាជាថ្មី។
ប៉ុន្តែមកដល់ថ្ងៃទី០៦ ខែមេសា នេះកាសែត Osen បានចុះផ្សាយថា Kim Hyun Joong បានទិញផ្ទះសម្រាប់រស់នៅជាមួយភរិយាដោយអ្នកទាំង២ មិនប្រារព្ធកម្មវិធីឡើយដោយសារវិបត្តិកូវីដ១៩ ដោយលោក និងភរិយាគ្រាន់តែចុះសំបុត្រអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។
Kim Hyun Joong បានឱ្យដឹងថា ភរិយារបស់លោកម្នាក់នេះហើយដែលនៅក្បែរលោកនៅពេលដែលលោកជួបបញ្ហា ដូចនេះលោកជឿថានេះជាស្នេហាពិតដែលលោកសង្ឃឹមថានឹងអាចទទួលបានសុភមង្គលពិតប្រាកដក្នុងជីវិត៕