×

រដ្ឋបាល​ខេត្តព្រះសីហនុ សម្រេច​ឱ្យ​មាន​ការរៀបចំ​លេងល្បែង​ប្រជាប្រិយខ្មែរ និង​ប្រគំតន្ត្រី ក្នុង​ឱកាស​ចូលឆ្នាំ

ព្រះសីហនុ៖ ទោះបីជាមិនមានសង្ក្រាន្តដូចខេត្តដទៃក៏ដោយ ក៏រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីសម្រេចអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីកម្សាន្តសប្បាយ នៅតាមឆ្នេរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តខេត្តនៅភាគនិរតីមួយនេះ។

យោងតាមលិខិតរបស់រដ្ឋបាលខេត្ត ដែលចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ នាពេលខាងមុខ រដ្ឋបាលខេត្តព្រះសីហនុ បានអនុញ្ញាតជាគោលការណ៍ និងសម្របសម្រួលឱ្យរៀបចំលេង ល្បែងប្រជាប្រិយខ្មែរ ចាប់ពីថ្ងៃទី១០-១២ ខែមេសា ឆ្នាំ២០២២ នៅដីចំណីឆ្នេរសាធារណៈ (ឆ្នេរពយជំទាវម៉ៅ) ក្បែរបន្ទប់ទឹកសាធារណៈលេខ១១ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រឆ្នេរខ្សាច់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅឆ្នេរឯករាជ្យ និងការប្រគំតន្ត្រីនៅដីឡូត៍ ឯកជនជាប់អតីតពហុកីឡដ្ឋានក្រុមមឿង ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០-១៦ ខែមេសា ឆ្នាំ២០២២។

រដ្ឋបាលខេត្តព្រះសីហនុស្នើឱ្យអនុវត្តនូវវិធានការសុខាភិបាល គឺត្រូវពាក់ម៉ាស់ ធ្វើការវាស់កម្ដៅ លាងដៃសាប៊ូ ឬអាល់កុល ដែលនិងរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃ វីរុសកូវីដ១៩ ព្រមទាំងធ្វើការសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងរបៀបរៀបរយទាំងអំឡុងពេល និងក្រោយប្រារព្ធពិធី។ ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងបងប្អូនអាជីវករលក់ចំណីអាហារ មុខទំនិញគ្រប់ប្រភេទ កុំលក់ដំឡើងថ្លៃ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ នាពេលខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង