សៀមរាប៖ មន្ត្រីជាន់ខ្ពស់នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឱ្យដឹងថា គិតត្រឹមដំណាច់ខែ មីនា និងឈានចូលខែមេសា ឆ្នាំ២០២២នេះ នៅមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ០២ប៉ុណ្ណោះ គឺ Cambodia Angkor Air និង Singapore Airlineដែលបាននិងកំពុងបន្តធ្វើប្រតិបត្តិការហោះហើរនៅអាកាសយានអន្តរជាតិនេះ។
នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប លោក ប៊ុន រដ្ឋា នៅក្នុងសិក្ខាសាលាស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាព” នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ បានលើកឡើងថា កាលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានចាប់ផ្ដើមការហោះហើរឡើងវិញ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលនេះគឺជាការហោះហើរ លក្ខណៈ Schedule Flight ជាលើកដំបូងបង្អស់ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប បន្ទាប់ពីមានការអាក់ខានការហោះហើរក្រៅប្រទេស ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩។ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានបន្តការហោះហើរជារៀងរាល់ថ្ងៃ រហូតមកដល់សព្វថ្ងៃនេះ។
លោកបន្តថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នេះដដែលក្រុមហ៊ុនអាកាសចរណ៍ Lanmei Airlines ក៏ បានចាប់ផ្ដើមការហោះហើរលក្ខណៈត្រីកោណ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបផងដែរ ដោយចាប់ផ្ដើមការហោះហើរពីទីក្រុងបាងកក ប្រទេសថៃ មកកាន់រាជធានីភ្នំពេញ រួចបន្តដំណើរមកកាន់ខេត្តសៀមរាប។ លុះនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air បានចាប់ផ្ដើមការហោះហើរឡើងវិញ រវាងរាជធានីភ្នំពេញនិងខេត្តសៀមរាប ដោយធ្វើការហោះហើរចំនួន ០២ជើងក្នុង០១សប្តាហ៍ គឺរៀងរាល់ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ហើយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍ Thai Smile បានចាប់ផ្តើមការហោះហើរឡើងវិញ រវាងទីក្រុងបាងកក និងខេត្តសៀមរាប ដោយធ្វើការហោះហើរចំនួន ០២ ជើងក្នុង០១សប្តាហ៍ គឺរៀងរាល់ថៃ្ងព្រហស្បត៍និងថ្ងៃសៅរ៍។ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ Thai Smile បានបញ្ចប់ការហោះហើររបស់ខ្លួន ដោយហោះហើរចុងក្រោយនៅត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។
នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បន្តទៀតថា លុះមកដល់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air បានបង្កើនជើងហោះហើររបស់ខ្លួន រវាងរាជធានីភ្នំពេញនិងខេត្តសៀមរាប មកចំនួន ០៤ជើង ក្នុង០១សប្ដាហ៍ គឺរៀងរាល់ថ្ងៃ ចន្ទ, ពុធ, សុក្រ និងថ្ងៃអាទិត្យ។ តាមព័ត៌មានដែលទទួលបាន ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ក៏គ្រោងនឹងធ្វើការហោះហើរជារៀងរាល់ថ្ងៃដោយចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នេះតទៅ។
សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា លុបចោលការធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា និងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវ គោក និងផ្លូវទឹក។ ដោយឡែកចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច៕
អត្ថបទ៖ ជា ស្រស់