×

មេឃថ្ងៃក្ដៅ ល្ងាចភ្លៀង​អ៊ីចឹង មកដឹង​វិធីការពារ​សុខភាព​កូនកុំឲ្យ​ឈឺច្រើន

ខែនេះដូចពិបាកមើលចិត្តមេឃដល់ហើយ! ពេលថ្ងៃក្ដៅចង់ខ្លោចស្បែក តែពេលល្ងាចបែរជាធ្លាក់ភ្លៀងវិញ។ ក្នុងអាកាសធាតុបែបនេះ អាចធ្វើឱ្យគ្នាយើងមួយចំនួន ងាយនឹងឈឺពិសេសអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ដូចក្មេងៗជាដើម។ ពេលក្មេងៗឈឺពិបាកណាស់ អ៊ីចឹងម៉ាក់ប៉ាគួរតែចេះតិចនិកថែសុខភាពកូនក្នុងអាកាសធាតុពិបាកទាយដឹងបែបនេះ។

ដើម្បីសុខភាពកូនតូចៗ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានពន្យល់ឱ្យដឹងថា នៅក្នុងខែក្ដៅ អាអូនងាយប្រឈមនឹងបញ្ហាខ្សោះជាតិទឹក ហើយបើក្នុងខែភ្លៀងក្មេងៗ ងាយកើតជំងឺផ្ដាសាយ គ្រុនឈាម គ្រុនចាញ់ ឬរលាកក្រពះ ពោះវៀន ជាដើម។ ហេតុនេះហើយ ទើបលោកបានណែនាំឱ្យម៉ាក់ប៉ាការពារសុខភាពដោយ៖

ពេលមេឃក្ដៅ៖ ឱ្យកូនញ៉ាំទឹកគ្រប់គ្រាន់ ចៀសវាងភេសជ្ជៈមានជាតិផ្អែមខ្លាំង ឬមានសារធាតុហ្គាស (សូដាកំប៉ុង។ល។) ការពារស្បែកកូនដោយលាបឡេការពារកម្ដៅថ្ងៃ ឬពាក់អាវវែងៗពេលចេញក្រៅ ដើម្បីចៀសវាងកូនរលាកស្បែក។

ពេលមេឃភ្លៀង៖ ចៀសវាងឱ្យកូនញ៉ាំអាហារតាមផ្លូវ រកទីជ្រក ឬពាក់អាវភ្លៀង ពោលគឺកុំឱ្យអាអូនត្រូវទឹកភ្លៀង ដើម្បីបង្ការជំងឺផ្ដាសាយ ឬគ្រុនក្ដៅជាដើម។
បូកផ្សំនឹងការថែទាំខាងលើនេះ វេជ្ជបណ្ឌិតជំនាញផ្នែកទូទៅរូបនេះ ក៏បានណែនាំវិធីសាស្ត្រផ្សេងៗ ក្នុងការថែទាំសុខភាពកូនដែរ រួមមាន៖

– ត្រូវចាក់វ៉ាក់សាំង
– អនាម័យសុខភាពខ្ពស់
– ប្រើប្រាស់ទឹកស្អាត
– កុំទៅតំបន់ព្រៃ និងតំបន់ដែលមានជំងឺឆ្លង។

ក្រៅពីនេះ ម៉ាក់ប៉ាគួរសម្អាតអនាម័យផ្ទះឱ្យបានល្អ ពិសេសក្នុងខែភ្លៀង ដើម្បីបង្ការការកើតមូសខ្លា និងឱ្យកូនញ៉ាំអាហារក្តៅៗ ហើយមានជីវជាតិ និងឱ្យកូនបញ្ចេញសកម្មភាពរាងកាយឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕

ប្រភព៖ Hello Krupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង