×

យុទ្ធនាការ​អន្ទាក់​សូន្យ ចាប់ផ្ដើម​នៅក្នុង​ខេត្តចំនួន៦ ខាងកើត​ទន្លេមេគង្គ

ស្ទឹងត្រែង៖ យុទ្ធនាការអន្ទាក់សូន្យ ដែលផ្ដួចផ្ដើមដោយក្រសួងបរិស្ថាន និងអង្គការដៃគូ ដែលសហការក្នុងការងារអភិរក្ស នឹងមានរយៈពេល ៦ ខែ ក្នុងខេត្តចំនួន ៦ ក្នុងភូមិសាស្ត្រភាគខាងកើតទន្លេមេគង្គ រួមមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ។ យុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តស្ទឹងត្រែង ត្រូវបានប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថាគោលបំណងសំខាន់នៃយុទ្ធនាការអន្ទាក់សូន្យនេះ គឺដើម្បីបញ្ឈប់ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ឈប់ការបរបាញ់សត្វព្រៃដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ធ្វើឱ្យព្រៃធម្មជាតិកាន់តែមានសុវត្ថិភាពសម្រាប់សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀតធ្វើជាជម្រកសម្រាប់រស់ន និងមាន លទ្ធភាពគ្រប់គ្រាន់ដើម្បីបន្តពូជបង្កើតកូនពូនជាចៅរាប់ជំនាន់ទៅមុខទៀត។

លោករដ្ឋលេខាធិការបានមានប្រសាសន៍ថា យុទ្ធនាការអន្ទាក់សូន្យរបស់យើងនៅពេលនេះ ដើម្បីចូលរួមផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតរបស់ ប្រជាពលរដ្ឋមួយចំនួន ដែលប្រកបរបរដាក់អន្ទាក់ និងបរបាញ់សត្វព្រៃឱ្យបញ្ឈប់សកម្មភាពខុសច្បាប់នេះ និងងាកទៅចាប់មុខរបរថ្មីជំនួសវិញ និងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលចូលចិត្ត ហូបសាច់សត្វព្រៃឱ្យបញ្ឈប់ការហូបសាច់សត្វព្រៃ បញ្ឈប់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ បញ្ឈប់ ការជួញដូរសំណាក់សត្វព្រៃ និងងាកមកចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ អភិរក្សសត្វ ព្រៃដើម្បីផលប្រយោជន៍នៃប្រព័ន្ធអេកូឡូស៊ី និងផលប្រយោជន៍ទេសចរណ៍ធម្មជាតិ។ ជាមួយគ្នានេះ យុទ្ធនាការនេះ ក៏ជាការផ្តល់សញ្ញាមួយថ្មីនៃការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់របស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសសត្វព្រៃគ្រប់ប្រភេទនៅតាមទីផ្សារតាម ភោជនីយដ្ឋាន តាមសណ្ឋាគារ ផ្ទះសំណាក់ និងនៅតាមតំបន់ទេសចរណ៍នានា តាមរយៈក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ជាក្រុមអ្នកអនុវត្តច្បាប់។

នៅក្នុងការអនុវត្តច្បាប់របស់ក្រសួងបរិស្ថានទប់ស្កាត់បទល្មើសធនធានធម្មជាតិ បទល្មើសត្វព្រៃ នៅក្នុងឆ្នាំ ២០២១កន្លងទៅ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួនបានដកអន្ទាក់សរុបចំនួន ៦១.៦១១ អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន ៧៣ និងច្រករបៀងជីវចម្រុះចំនួន ៣ ក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង ៤០.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ។ កាលពីឆ្នាំ ២០២១ កន្លងទៅ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ដែលជាអង្គភាពចម្រុះ បានចុះប្រតិបត្តិការក្នុងការបង្ក្រាបការជួញដូរសត្វព្រៃ ចំនួន ៦២៥ លើក សង្គ្រោះសត្វព្រៃបាន ១២៧១ ក្បាល រឹបអូសសត្វព្រៃងាប់ចំនួន ៣៦០៩ក្បាល និងរឹបអូសសាច់សត្វព្រៃគ្រប់ប្រភេទចំនួន ៣៥៤ គីឡូក្រាម បញ្ជូនសំណុំរឿងចំនួន ១១ ទៅតុលាការ និងបានដោះលែងសត្វព្រៃចូលទៅព្រៃធម្មជាតិវិញចំនួន ៨៦៤ ក្បាល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង