
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ លី ពុធដារ៉ា ស្នងការរងទទួលផែនការងារសេនាធិការ បានលើកឡើងឱ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកម្លាំងជាង ២ពាន់នាក់ នឹងត្រូវបែងចែកកម្លាំងឈរជើង ការពារនិងរក្សាសណ្តាប់ធ្នាប់នៅគោលដៅសំខាន់ៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដូចជាឈរជើងនៅតាមវត្តអារាមទាំង ១៥០វត្ត និងសាលាឆទានចំនួន០៤កន្លែង គោលដៅកន្លែងកម្សាន្តសប្បាយរីករាយ និងនៅតាមច្រកចេញចូលរាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋធ្វើដំណើរទៅវត្តអារាម ក៏ដូចជាចាកចេញពីរាជធានីភ្នំពេញ ទៅស្រុកកំណើតនៅតាមបណ្ដាខេត្តនានា។

ការឱ្យដឹងរបស់លោកឧត្តមសេនីយ៍ទោ លី ពុធដារ៉ា បានធ្វើឡើងនៅស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២។
កិច្ចប្រជុំ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងនោះមានការចូលរួមពីស្នងការរង ដែលដឹកនាំបញ្ជាពង្រឹងការងារនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ៕
