×

មានកូនតូច​ទៅ​វត្តទៅ​វ៉ាថ្ងៃចូលឆ្នាំ កុំ​ប្រហែសរឿង​ប៉ុន្មាននេះ

តាមទំនៀមទម្លាប់យើងដល់រដូវបុណ្យទានដូចពិធីចូលឆ្នាំប្រពៃណីខ្មែរ ក្មេងចាស់ក្នុងផ្ទះ តែងតែជួបជុំគ្រួសារទៅវត្ត ដើម្បីធ្វើបុណ្យជុំគ្នា។ ពេលធ្វើបុណ្យជុំគ្រួសារគ្នាយើង ច្បាស់ជាមានអារម្មណ៍ថា សប្បាយ និងជ្រះថ្លាហើយ តែបើនាំកូនតូចទៅវត្តតាម មិនត្រូវធ្វេសប្រហែសរឿងប៉ុន្មាននេះទេ។

១. ឱ្យកូននៅកន្លែងមានផ្សែងធូបយូរ

វត្តណាក៏ដូចវត្តណាដែរ ឱ្យតែពេលបុណ្យទានផ្សែងធូបហុយឡើងអ័ព្ទ មើលមនុស្សម្នាមិនចង់ឃើញទេ។ ទាក់ទងនឹងផ្សែងធូបនេះ វេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានឱ្យដឹងថា ធូបត្រូវបានគេផលិតឡើងពីវត្ថុធាតុដើមធម្មជាតិ និងផ្សំជាមួយសារធាតុគីមីច្រើនប្រភេទ។ ផ្សែងដែលចេញភាយក្រោយត្រូវកម្ដៅ មានផលប៉ះពាល់ដល់សុខភាពជាច្រើនយ៉ាង ដូចជាបញ្ហាផ្លូវដង្ហើម រលាកទងសួត រលាកបំពង់ក ហើយការស្រូបយកជាតិធូបនេះ គ្រោះថ្នាក់ជាងផ្សែងបារីទៅទៀត។ យូរៗទៅ វានឹងបង្កទៅជាជំងឺមហារីកសរីរាង្គផ្សេងៗ។

២. មិនពាក់ម៉ាសឱ្យកូន៉

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានណែនាំម៉ាក់ប៉ា ថា ពេលទៅវត្ត កុំភ្លេចពាក់ម៉ាសឱ្យកូន ព្រោះថ្ងៃចូលឆ្នាំ អ្នកណាៗក៏ទៅវត្តធ្វើបុណ្យដែរ។ ដ្បិតតែ តាមករណីវិជ្ជមានកូវីដ១៩ ឬវីរុសអូមីក្រុងរបស់ក្រសួងសុខាភិបាល ធ្លាក់ចុះក្ដី ក៏យើងមិនត្រូវភ្លេចខ្លួនទេ ព្រោះកូវីដ១៩មិនភ្លេចយើងឡើយ ដូច្នេះបើអាចគួរបន្តអនុវត្តវិធានការ៣ការពារ៣កុំ។
ទន្ទឹមនឹងនេះ បើអាអូនមានអាយុក្រោម ២ឆ្នាំ អ្នកជំនាញមិនណែនាំឱ្យពាក់ម៉ាសទេ ព្រោះកូននៅតូចពេក អាចប្រឈមនឹងការពិបាកដកដង្ហើម។

៣. ឱ្យកូនលេងជាមួយសត្វអនាថាក្នុងវត្ត

ធម្មតានៅក្នុងវត្តសម្បូរសត្វឆ្កែ ឬឆ្មាអនាថា ដែលគួរឱ្យអាណិត ហើយក្មេងៗខ្លះឃើញសត្វចេះតែចង់ទៅជិត។ ម៉ាក់ប៉ា គួរតែនៅក្បែរកូន បើអាអូនទៅលេងជាមួយសត្វឆ្កែឆ្មានោះ ឬបើអាចគួរ កុំឱ្យកូននៅជិតអី ដើម្បីការពារសត្វខាំ ឬខ្វាចកូនអាចបណ្ដាលឱ្យឆ្លងមេរោគបាន(មិនមែនឱ្យរើសអើងសត្វអនាថាទេ)៕

ប្រភព៖ Hello Krupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង