អត្ថបទ៖ ប៉ៃ សុឃីម
ព្រះសីហនុ៖ រូបសំណាក ព្រះថោងនាងនាគ ដែលធ្វើអំពីស្ពាន់កម្ពស់ ២១ម៉ែត្រ ស្ថាបនាឡើងដោយស្នាដៃកូនខ្មែរត្រូវបានលើកដាក់លើបាល័ង្គរួចរាល់ហើយមកដល់ព្រេឹកថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២២ មានទីតាំងស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (នៅជិតខ្មែរធ្វើបាន)។
លោក គួច ចំរើន អភិបាលអភិបាលខេត្តព្រះសីហនុរួមជាមួយនឹងអាជ្ញាធរស្រុកព្រៃនប់ មន្ទីរដែនដី និងអង្គភាពពាក់ព័ន្ធបាន អញ្ជើញពិនិត្យសកម្មភាពលើករូបសំណាក “ព្រះថោងនាងនាគ”នៅទីតាំងរង្វង់មូលព្រះថោងរហូតដល់ម៉ោងជាង ២យប់ថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២២ ធ្វើយ៉ាងណាឱ្យក្រុមបច្ចេកទេសលើកដាក់រូបសំណាកបានរួចរាល់ ដើម្បីនឹងត្រៀមរៀបចំធ្វើពិធីអភិសេកនៅថ្ងៃ ទី១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។
សូមជម្រាបជូនថា រូបសំណាក “ព្រះថោងនាងនាគ” នឹងត្រូវបានរៀបចំផ្គុំលើកដំឡើងដាក់លើបល្ល័ង្ករួចរាល់មុនថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់នាពេលខាងមុខ។
រូបសំណាកព្រះថោងនាងនាគគឺជារូបសំណាកដែលមានទំហំធំធ្វើអំពីស្ពាន់កម្ពស់ ២១ម៉ែត្រ បាល្ល័ង្កកម្ពស់ជាង ៦ម៉ែត្រ ជាសមិទ្ធផលថ្មីមួយទៀតដែលកើតចេញអំពីស្នាដៃកូនខ្មែរក្រោមការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាដែលធ្វើឲ្យខេត្តព្រះសីហនុកាន់តែមានសោភ័ណភាពបន្ថែមទៀតក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្ត៕