សៀមរាប៖ សល់តែរយៈពេលមិនដល់ ២ថ្ងៃទៀតទេ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល នឹងចូលមកដល់ ស្របពេលនេះ អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកសម្អាតអនាម័យ បរិស្ថានតាមដងផ្លូវ និងប្រាសាទក្នុងរមណីយដ្ឋានអង្គរ ជាពិសេសរមណីយដ្ឋានអង្គរ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាសង្ក្រាន្តសៀមរាប ដែលរំពឹងថានឹងមានអ្នកចូលរួមច្រើនកុះករ បន្ទាប់ពីខកខានរៀបចំអស់រយៈពេល ២ឆ្នាំកន្លងទៅ ដោយសារវិបត្តិកូវីដ១៩។
ក្រុមការងារផ្នែកអនាម័យ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានធ្វើការបោសសម្អាតអនាម័យ បាញ់ទឹកសម្អាតនៅតាមដងផ្លូវ និងនៅទីធ្លារសាធារណៈ ព្រមទាំងតាមប្រាសាទ ដើម្បីបង្កើនភាពស្រស់ស្រាយ និងទាក់ទាញក្នុងរមណីយដ្ឋានអង្គរ។ សកម្មភាពទាំងនេះ តែងតែធ្វើឡើងជាប្រចាំ បើទោះបីមានឬមិនមានពិធីបុណ្យក្តី ក៏ក្រុមការងារផ្នែកអនាម័យ និងបរិស្ថាន បានខិតខំប្រឹងប្រែងថែរក្សាអនាម័យ បរិស្ថានជាប់ជាប្រចាំ។
ទន្ទឹមគ្នានេះ អាជ្ញាធរជាតិអប្សរា បន្តអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនារមណីយដ្ឋានអង្គរ ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាន តាមរយៈការកុំចោលសំរាមផ្តេសផ្តាសតាមដងផ្លូវ ទីកន្លែងសាធារណជនផ្សេងៗ និងទីធ្លាប្រាសាទ។ ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងធុងសំរាម ដែលអាជ្ញាធរជាតិអប្សរាបានដាក់តាមទីតាំងនីមួយៗ៕