ភ្នំពេញ៖ នៅព្រឹក ថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព។
ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា លោកស្រី ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani Uttam Khobragade) បានមានប្រសាសន៍ថា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ផ្តល់ជំនួយវ៉ាក់សាំងកូវីសែល ចំនួន ៣២៥.០០០ដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ក្នុងនោះវ៉ាក់សាំងចំនួន ២០ម៉ឺនដូស ត្រូវបានដឹកនាំមកដល់កម្ពុជា នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ដោយឡែក វ៉ាក់សាំងចំនួន ១២៥.០០០ដូសទៀត នឹងត្រូវដឹកមកដល់កម្ពុជានៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២៕