ចិន៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវរបស់តារាចម្រៀង និងសម្តែង Kris Wu ករណីរំលោភលើអនិតិជនមក តារាប្រុសរូបនេះត្រូវបានចាប់ឃុំខ្លួនដើម្បីរង់ចាំការកាត់ទោសពីតុលាការ។ យ៉ាងណាមិញ ថ្មីៗនេះមាន Bloggers មួយចំនួនបានបញ្ចេញព័ត៌មានឱ្យដឹងថា Kris Wu ត្រូវបានតុលាការចេញសាលក្រមកាលពីថ្ងៃទី០៨ ខែមេសា សម្រេចកាត់ទោសឱ្យតារាប្រុសរូបនេះជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំ។
គ្រាន់តែឮដំណឹងមួយនេះភ្លាម អ្នកគាំទ្រដែលនៅតែមិនទៅណាចោល Kris Wu បានភាំងស្មារតី និងបានចោទសំណួរគ្រប់គ្នាថា តើព័ត៌មានមួយនេះជាការពិត ឬយ៉ាងណា? យ៉ាងណាក៏ដោយ មកទល់ពេលនេះមិនទាន់មានប្រភពច្បាស់ការណាមួយប្រកាសជាផ្លូវការនៅឡើយទាក់ទងនឹងពាក្យចចាមអារ៉ាមមួយនេះ។
គួរបញ្ជាក់ដែរថា មកទល់ពេលនេះ រឿងក្តីរបស់ Kris Wu បានអូសបន្លាយអស់រយៈពេលជិត១ឆ្នាំមកហើយ រីឯដំណឹងជាក់លាក់ទាក់ទងនឹងតារាប្រុសរូបនេះមិនមានបង្ហាញឱ្យដឹងជាសាធារណៈឡើយ ប៉ុន្តែជារឿយៗតែងមានពាក្យចចាមអារ៉ាមចែករំលែកតៗគ្នាពីស្ថានភាពរបស់តារាប្រុសរូបនេះអំលុងពេលកំពុងត្រូវឃុំឃាំងនៅលើបណ្តាញសង្គមផងដែរ៕