ភ្នំពេញ៖ ស្ថានីយរថភ្លើង រ៉ូយ៉ាល់ រៀលវ៉េ ខេមបូឌា(Royal Train Square) បានចាប់ផ្ដើមដំណើរការដឹកជញ្ជូនអ្នកដំណើរឡើងវិញហើយ បន្ទាប់ពីខកខានអស់រយៈពេលដ៏យូរ ពោលគឺដោយសារផ្ទុះកូវីដ-១៩។ សម្រាប់ ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ រថភ្លើងបានបើកដំណើការឡើងវិញ ដើម្បីបម្រើឱ្យការដឹកជញ្ជូនអ្នកដំណើរទៅស្រុកកំណើតទៅតាមបណ្តាខេត្តចំនួន៦គឺ ពីរាជធានីភ្នំពេញទៅកាន់ ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង កំពត កែប និងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។
ការបើកដំណើរការនៅពេលនេះ គេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនបានកក់សំបុត្រដើម្បីធ្វើដំណើរតាមរថភ្លើង ដែលពួកគេគិតថានឹងមានសុវត្ថិភាព រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកធ្វើដំណើរផងដែរ ក៏ដូចជាអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខ។ ចំពោះការចេញដំណើរទៅកាន់ខេត្តទាំង៦ មានតែមួយជើងប៉ុណ្ណោះក្នុងពេលព្រឹក នៅម៉ោង ៦:៣០ព្រឹក សម្រាប់ការចេញដំណើរទៅកាន់ ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង និង៧ព្រឹក ទៅកាន់ កំពត កែប និងព្រះសីហនុ។
ចំពោះតម្លៃសំបុត្រវិញ ពីភ្នំពេញទៅកាន់ខេត្តតាកែវ ២ម៉ឺន ៤ពាន់រៀល ឬ៦ដុល្លារ, ពោធិ៍សាត់ ២ម៉ឺន ៨ពាន់រៀល ឬ៧ដុល្លារ, បាត់ដំបង ៣ម៉ឺន ២ពាន់រៀល ឬ៨ដុល្លារ, កំពត និងកែប ៣ម៉ឺន ៦ពាន់រៀល ឬ៩ដុល្លារ និងខេត្តព្រះសីហនុតម្លៃ ៤ម៉ឺនរៀល ឬ ១០ដុល្លារ សម្រាប់មនុស្សម្នាក់៕