×

ខែក្តៅខ្លាំង​បែបនេះ បើ​ពពោះ កុំឲ្យខ្វះ​ជាតិទឹក​ឱ្យសោះ ព្រោះ​ប៉ះពាល់គភ៌

ជាតិទឹកពិតជាសំខាន់ណាស់ ពិសេសស្រីៗកំពុងពពោះ ហើយអាកាសធាតុក្តៅបែបនេះ រឹតតែសំខាន់ទៀត ព្រោះអំឡុងពេលពពោះ រាងកាយត្រូវការជាតិទឹកកាន់តែច្រើន ហេតុនេះប្រសិនខ្វះជាតិទឹក ច្បាស់ជាមានបញ្ហាហើយ អូនៗក្នុងផ្ទៃក៏ជួបបញ្ហាសុខភាពដូចគ្នា។ “Hello គ្រូពេទ្យ” នឹងលម្អិតខ្ទេច ទាំងមូលហេតុ រោគសញ្ញា និងវិធីការពារឱ្យគ្នាយើងដឹងទាំងអស់តែម្តង។

១- ធ្វើម៉េចអាចដឹងថាបាត់បង់ជាតិទឹក?

រោគសញ្ញាចម្បង គឺក្តៅខ្លួន ព្រោះពេលបាត់បង់ជាតិទឹកក្នុងខ្លួន រាងកាយនឹងមិនអាចធ្វើការសម្របជាមួយសីតុណ្ហភាពក្នុងខ្លួនបានត្រឹមត្រូវ។ ម្យ៉ាងទៀត យើងក៏អាចពិនិត្យទឹកនោមខ្លួនឯង ដើម្បីដឹងថាខ្វះជាតិទឹក ឬអត់ ហើយបើសិនជាទឹកនោមពណ៌ក្រហមក្រមៅ គួរតែញ៉ាំទឹកឱ្យបានច្រើន។
រោគសញ្ញាខ្វះជាតិទឹកជាទូទៅមានដូចជា៖
– ស្ងួត ស្អិតមាត់
– ស្រេកទឹកញឹក
– ងងុយគេង
– ទឹកនោមតិច
– ឈឺក្បាល
– ទល់លាមក
– វិលមុខ
បើសិនជាបាត់បង់ជាតិទឹកធ្ងន់ធ្ងរ រោគសញ្ញាអាចមាន៖
– រសាប់រសល់
– វង្វេងវង្វាន់
– ទឹកនោមតិច ឬគ្មាន
– ភ្នែករូង
– ដង្ហើមញាប់
– បេះដូងលោតញាប់
– សម្ពាធឈាមទាប

២- មូលហេតុនាំឱ្យបាត់បង់ជាតិទឹក

កើតឡើងពេលយើងផឹកទឹកធម្មតា ឬភេសជ្ជៈប្រភេទផ្សេងៗ តិចជាងបរិមាណដែលរាងកាយចំណាយ (បញ្ចេញចោល) មានន័យថា យើងកំពុងបាត់បង់ជាតិទឹកក្នុងខ្លួនហើយ។ ពេលកំពុងពពោះ ជាតិទឹក គឺសំខាន់ណាស់ មាននាទីសំខាន់ជាប់ពាក់ព័ន្ធការកកើតនៃសុក ដែលជាច្រកនាំអាហារពីម៉ាក់ៗ ទៅកាន់បេប៊ីក្នុងផ្ទៃ ហើយមូលហេតុចម្បងរួមមាន៖
– ហាត់ប្រាណខ្លាំងពេក
– រាកខ្លាំងពេក
– ក្អួត
– គ្រុនក្ដៅ
– បែកញើសខ្លាំង
– ផឹកទឹកមិនគ្រប់គ្រាន់

៣- បាត់បង់ជាតិទឹកប៉ះពាល់ដល់កូនក្នុងផ្ទៃដែរអត់?

ករណីនេះ អាចនឹងបង្កឲ្យមានផលវិបាកច្រើន សម្រាប់ទាំងសុខភាពយើង រួមទាំងកូនក្នុងផ្ទៃ អាចបង្កបញ្ហាមួយចំនួនដូចជា៖
– ខួរឆ្អឹងខ្នងកូនវិវត្តមិនប្រក្រតី
– ទឹកភ្លោះតិចជាងធម្មតា
– សម្រាលមុនពេលកំណត់
– ទឹកដោះម៉ាក់ៗចេញតិច
– ពិការពីកំណើត

៤- វិធីការពារបាត់បង់ជាតិទឹកពេលពពោះ

រឿងនេះ ស្រីៗយើងច្បាស់ជាគ្មាននរណាដែលថាមិនដឹងថា ដើម្បីកុំបាត់បង់ជាតិទឹកត្រូវញ៉ាំទឹកឱ្យច្រើននោះឡើយ ប៉ុន្តែអ្វីយើងគួរដឹងបន្ថែម ត្រូវចៀសវាងភេសជ្ជៈមានជាតិកាហ្វេអ៊ីន ព្រោះអាចធ្វើឱ្យយើងនោមច្រើន បណ្តាលឱ្យបាត់បង់ជាតិទឹកក្នុង និងចៀសវាងការហាត់ប្រាណខ្លាំងពេក ហាត់កម្រិតមធ្យមបានហើយដើម្បីសុខភាពទាំងម៉ាក់ៗ និងបេប៊ី។ នៅពេលមេឃក្តៅ មិនគួរចេញក្រៅច្រើនពេកដែរ។
គួរយកទឹកតាមខ្លួនពេលចេញក្រៅ ហើយផឹកទឹកឱ្យបានគ្រប់គ្រាន់។ មានការណែនាំមួយបង្ហាញថា គួរញ៉ាំទឹកឱ្យបាន ១២ កែវ ក្នុងមួយថ្ងៃ ដើម្បីសុខភាពល្អ។ តែបើមានបញ្ហាក្រពះពោះវៀន មិនគួរញ៉ាំទឹកពេលកំពុងញ៉ាំអាហារឡើយ។ ក៏ប៉ុន្តែគួរញ៉ាំទឹកនៅចន្លោះពេលញ៉ាំអាហារវិញ ដើម្បីកុំឱ្យមិនស្រួលក្នុងពោះ។ ក្នុងករណីចាញ់កូន ចេះតែក្អួតចង្អោរ ត្រូវពិគ្រោះជាមួយគ្រូពេទ្យដើម្បីដោះស្រាយបញ្ហានេះ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង