ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងឈានចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ទី១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស. ២០២២ វេលាម៉ោង១០:០០នាទីព្រឹក។ ខាងក្រោមនេះ ជារឿង ៤យ៉ាង ដែលអ្នកគួរធ្វើក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
១- ជួបជុំគ្រួសារ និងបងប្អូន
នេះគឺជារឿងមួយដ៏ចំបាច់ដែលអ្នកទាំងអស់គ្នាគួរតែធ្វើនៅក្នុងឱកាសនេះ។ ជាការពិតណាស់ មនុស្សម្នាក់ៗមានការរវល់រៀងៗខ្លួន ជាពិសេសទៅលើការសិក្សា និងការងារ។ ប៉ុន្តែយើងគួរតែឆ្លៀតពេលធ្វើរឿងមួយនេះ ព្រោះថាឪពុកម្តាយរបស់យើង ប្រាកដជានឹកយើងខ្លាំងណាស់ ពួកគាត់ចង់ជួបមុខកូនចៅ ចង់ជួបជុំគ្នាជាមួយក្រុមគ្រួសារទាំងអស់ដើម្បីអបអរឆ្លងឆ្នាំជាមួយគ្នា។
២- ធ្វើដំណើរកម្សាន្តទៅកន្លែងណាមួយ
ថ្ងៃចូលឆ្នាំអ៊ីចឹង មនុស្សធ្វើដំណើរច្រើនបន្តិចមែន ប៉ុន្តែវាជាពេលវេលាល្អដែលយើងមានពេលទំនេរគ្រប់គ្រាន់ ដើម្បីដើរលេងជួបជុំគ្រួសារ និងមិត្តភក្តិ។ ជ្រើសរើសកន្លែងណាមួយដែលមនុស្សអាចនឹងមិនសូវទៅ នោះយើងនឹងអាចចំណាយពេលវេលាបានខ្លះ សម្រាកលំហែ និងទទួលបានភាពស្ងប់ស្ងាត់។
៣- ធ្វើអ្វីម្យ៉ាងជូនឪពុកម្ដាយ
អាចចាត់ទុកថាប៉ុន្មានថ្ងៃនេះវាជាថ្ងៃសប្បាយ ប៉ុន្តែទន្ទឹមនឹងនោះ ក៏យើងគួរណាស់តែធ្វើឱ្យឪពុកម្ដាយសប្បាយចិត្តផងដែរ។ ទិញជាកាដូបន្តិចបន្តួចជូនគាត់ នាំគាត់ដើរលេង ឬក៏អាច Drama ជាមួយគាត់តិចតួចក៏បានដែរ “កូនស្រលាញ់ម៉ាក់ប៉ា អ៊ីចឹងទៅ”។ ពិតណាស់ ឪពុកម្ដាយគាត់ចង់បានអ្វីទាំងនេះ តែពេលខ្លះគាត់មិនដែលនិយាយចេញឡើយ ផ្ទុយទៅវិញ វាជាតួនាទីរបស់យើងទេដែលត្រូវធ្វើរឿងទាំងនេះ។
៤. លេងល្បែងប្រជាប្រិយ
ប្រពៃណីខ្មែរយើង គឺមិនដែលចោលទេ ប៉ុន្តែអ្នកមួយចំនួនមិនដែលសូម្បីតែលេង។ សាកល្បងបបួលមិត្តភក្តិ ឬចូលរួមជាមួយអ្នកដទៃមើលឆ្នាំនេះ ធានាថាសប្បាយ ហើយបានបង្កើតជាមិត្តភាពទៀត៕
ប្រភព៖ នាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណៈ