ឡាវ៖ ក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់ប្រទេសឡាវ បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ អំពីកម្រិតនៃការបំពុលខ្យល់ ដែលមិនប៉ះពាល់ដល់សុខភាព នៅទូទាំងប្រទេស។
សេចក្តីជូនដំណឹងនេះ បញ្ជាក់ថាបញ្ហាភាគល្អិត (PM 2.5) នៅលើអាកាសឥឡូវនេះ ហួសកម្រិតសុវត្ថិភាពហើយ ។ ខ្យល់បក់ពីទិសខាងលិច នឹងនាំមកនូវខ្យល់ក្តៅ និងសំណើម ជាមួយនឹងផ្សែងអ័ព្ទទំនងជាគ្របដណ្តប់លើផ្ទៃដីធំនៃប្រទេស ធ្វើឱ្យប៉ះពាល់ដល់សុខភាព និងភ្នែក។
ស្ថានីយត្រួតពិនិត្យគុណភាពខ្យល់របស់រដ្ឋាភិបាលឡាវ បានរកឃើញថា ការបំពុលបានឈានដល់កម្រិតគ្រោះថ្នាក់នៅខេត្តហ្លួងព្រះបាង ហ្លួងណាំថា និងបូកែវ។ នៅទីក្រុងវៀងចន្ទន៍ ស្ថានីយត្រួតពិនិត្យរបស់ស្ថានទូតអាមេរិក បានកត់ត្រាសន្ទស្សន៍គុណភាពខ្យល់ចំនួន ១៥៣ ដែលត្រូវបានចាត់ទុកថាមិនល្អ។
ក្រសួងធនធានធម្មជាតិ និងបរិស្ថាន ឡាវ បានបន្តថា ការដុតកាកសំណល់គ្រប់ទម្រង់ ក្នុងរដូវប្រាំងត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង ដោយសារវារួមចំណែកដល់ការបំពុលបរិយាកាស។ ឥឡូវនេះ ក្រសួងកំពុងណែនាំប្រជាពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់ដោយការបំពុលខ្យល់ កុំសូវចេញក្រៅផ្ទះនៅពេលថ្ងៃ ហើយពាក់ម៉ាស់មុខគ្រប់ពេលចេញក្រៅ៕