×

ប្រតិបត្តិករវិស័យទេសចរណ៍ខេត្តកែបត្រៀមដំឡើងថ្លៃគ្រឿងសមុទ្រ និងសេវាស្នាក់នៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

កែប៖ មិនថាតែក្តាមសេះទេដែលឡើងថ្លៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សេវាស្នាក់នៅក្នុងខេត្តកែប ភាគច្រើនក៏ដំឡើងថ្លៃដែរ។ ក្នុងនោះក្តាមសេះលេខ១ នឹងឡើងដល់ជាង ៦ម៉ឺនរៀលក្នុងមួយគីឡូ ខណៈលេខ២ និងលេខ៣ ក៏ឡើងទៅតាមនោះដែរ ដោយឡែកបន្ទប់ស្នាក់នៅមួយចំនួនក៏នឹងដំឡើងថ្លៃដែរ។

ការឡើងថ្លៃនេះ ត្រូវបានប្រតិបត្តិករទេសចរណ៍ លើកឡើងស្រដៀងគ្នាថា ដោយសារអ្នកនេសាទទាមទារដំឡើងថ្លៃ ខណៈទំនិញផ្សេងៗក៏ឡើងដែរដោយសារមានតម្រូវការខ្ពស់។ 

លោក ប៊ុន ថេន ជាអាជីវករលក់គ្រឿងសមុទ្រនៅផ្សារក្តាម បានឱ្យដឹងថា ក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មីនេះ លោកលក់ក្តាមសេះលេខ១ ក្នុងមួយគីឡូថ្លៃ ៦ម៉ឺន ទៅ ៦ម៉ឺន ៥០០០រៀល ក្តាមសេះលេខ២ថ្លៃ ៤ម៉ឺនរៀល និងលេខ៣ពី ៣ម៉ឺន ទៅ៣ម៉ឺន ៥០០០រៀល។ លោកថា ការឡើងថ្លៃនេះដោយសារម្ចាស់ទូកដែលជាអ្នកនេសាទលក់ដំឡើងថ្លៃដែរ។ 

លោក ឈៀង សំអឿន ម្ចាស់អាហារដ្ឋាន និងរម្មណីយដ្ឋាន នៅលើកោះទន្សាយក៏បានបញ្ជាក់ថា បន្ទប់គេងនៅកន្លែងរបស់លោក សម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោកដំឡើងថ្លៃចំនួន ៥ដុល្លារក្នុងមួយបន្ទប់ ដោយឡែកសម្រាប់ម្ហូបអាហារ ហាងរបស់លោកមិនដំឡើងថ្លៃនោះទេ ប៉ុន្តែនឹងបន្ថយបរិមាណ ដោយសារតែ គ្រឿងសមុទ្រស្រស់និងគ្រឿងទេសផ្សេងៗនឹងឡើងថ្លៃដែរ។

អ្នកនេសាទមួយចំនួននៅតំបន់អង្កោល ក៏បានបញ្ជាក់ដែរថា ផលនេសាទសម្រាប់រដូវបុណ្យទានធំៗ ពួកគាត់លក់ឱ្យឈ្មួញផ្ទាល់សម្រាប់ក្តាមសេះក្នុងមួយគីឡូក្រាម ២ម៉ឺន ៨០០០រៀល ដោយតម្លៃធម្មតា ២ម៉ឺន ២០០០រៀល ការលក់ក្នុងតម្លៃនេះមិនបែងចែកប្រភេទក្តាមនោះទេ។ 

ជុំវិញការដំឡើងថ្លៃសេវាផ្សេងៗក្នុងរដូវបុណ្យទាននេះ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានចាត់មន្រ្តីចុះទៅណែនាំដល់ប្រតិបត្តិករទេសចររួចហើយមុនពិធីបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់ ដោយតម្រូវដាក់បង្ហាញតារាងតម្លៃដល់ភ្ញៀវឱ្យបានច្បាស់លាស់ចៀសវាងការកើតបញ្ហាផ្សេងៗ លោកក៏បានសំណូមពរដល់អ្នកផ្គត់ផ្គង់សេវាទេសចរណ៍ទាំងអស់ កុំដំឡើងថ្លៃហួសហេតុពេក៕

 អត្ថបទ៖ ង៉ុង សាន់

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង