×

ខេត្តប៉ៃលិន មានរមណីយដ្ឋានសំខាន់ណាខ្លះ ដែលអ្នកអាចទៅលេងកម្សាន្តបាន?

១- ភ្នំយ៉ាត

ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដែលមានទីតាំងស្ថិតនៅក្នុងភូមិវត្ត សង្កាត់ ប៉ៃលិន ខេត្ត ប៉ៃលិន ដែលមានចម្ងាយប្រមាណជា ១គីឡូម៉ែត្រ ពីទីរួមខេត្ត។  ភ្នំយ៉ាត មិនត្រឹមជាបូជនីយដ្ឋានថ៏សក្តិសិទ្ធិទេ ភ្នំយ៉ាតក៏ជាបេះដូងនៃពីក្រុងប៉ៃលិន។ ភ្នំយ៉ាតមានផ្លូវឡើងចំនួនពីរ គឺមួយឡើងដោយថ្មើជើង និងមួយទៀតសំរាប់រថយន្ត និងម៉តូ ។ ភ្នំយ៉ាតមានកាំជណ្តើរ ៤២កាំ ដែលកាំជណ្តើនីមួយៗ មានកម្ពស់ ២៥សង់ទីម៉ែត្រ។

២- រមណីយដ្ឋានអាង ជីងចក់

ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិបែបកែច្នៃដែលមានទីតាំងស្ថិត នៅ ក្បែរ ជើងភ្នំ ខៀវ ក្នុងភូមិ ថ្មី សង្កាត់ ទួល ល្វា ក្រុងប៉ៃលិន និងមានចម្ងាយប្រមាណជា ៥គីឡូម៉ែត្រពីទីរួមខេត្ត។ នៅទីនេះមានរៀបចំធ្វើខ្យូស និងទប់ទឹកក្នុងអាង ដើម្បីដាក់ទូក ឱ្យអ្នកទេសចរទៅជិះកម្សាន្តព្រមទាំងមានស្ពាន ២សង់ភ្ជាប់ពីមាត់អាងម្ខាងទៅមាត់អាងម្ខាងទៀត ដើម្បីងាយស្រួលឱ្យភ្ញៀវទេសចរ ដើរលេងកម្សាន្តឆ្លងពីត្រើយម្ខាងទៅត្រើយម្ខាងទៀត។

៣- ចំការខ្នុរ

ឬទឹកធ្លាក់បយ៉ាខា គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិកែឆ្នៃដែលមានទីតាំងស្ថិតនៅក្នុងភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានចម្ងាយប្រមាណជា ៨គីឡូម៉ែត្រ ពីទីរួមខេត្ត។ ដើម្បីទៅកាន់ទីនេះ ភ្ញៀវទេសចរអាចធ្វើដំណើរទៅទិសខាងលិច ឆៀងទៅខាងត្បូង ចម្ងាយពីក្រុងប៉ៃលិន ប្រហែលជា៥ ទៅ៦ គីឡូម៉ែត្រ ដោយឆ្លងកាត់តាមផ្លូវលំមួយកន្លែង នឹងអាចទៅរកឃើញរមណីយដ្ឋានដែលបានបង្កើតឡើងដោយថ្វីដៃរបស់ក្រុមគ្រួសារមួយ ដាក់ឈ្មោះថារមណីយដ្ឋានចំការខ្នុរ ឬហៅរមណីយដ្ឋានទឹកជ្រោះបរយ៉ាខា ដោយនៅជាប់នឹងមាត់ស្ទឹងឬជ្រោះក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានទឹកហូររេញៗ ពីត្បូងទៅជើង គួរឱ្យចង់អង្គុយគយគន់លេងកម្សាន្ត។ មិនត្រឹមតែប៉ុណ្ណោះ ក៏នៅមានម្ហូបដ៏ឆ្ងាញ់ពិសា។

៤- ទឹកធ្លាក់អូរតាវ៉ៅ

ឬទឹកធ្លាក់ភ្នំខៀវជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដែលមានទីតាំងស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានចម្ងាយប្រមាណជា ១០គីឡូម៉ែត្រពីទីរួមខេត្ត។

ដើម្បីទៅដល់ទីនេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរ តាមផ្លូវជាតិ លេខ៥៧ រហូតដល់ស្ពានថ្ម អូរតាវ៉ៅ ឡើងទៅប្រហែលជាង ១០០ម៉ែត្រ ក្នុងខេត្តប៉ៃលិន នោះនឹងឃើញផ្លាកសញ្ញាបង្ហាញទីតាំងត្រង់ម្ដុំផ្លូវបំបែកភូមិខ្លុង ពីខាងឆ្វេងដៃ ហើយបត់ចូលទៅប្រមាណ ៧គីឡូម៉ែត្រទៀត និងដល់កន្លែងរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅហើយ ។ រមណីយដ្ឋាននេះ មានស្ទឹងធម្មជាតិទឹកថ្លាមានជ្រោះទឹកហូរធ្លាក់លើល្បាក់ថ្មដា យ៉ាងខ្ពស់ខ្យល់អាកាសត្រជាក់ដល់ក្រអៅបេះដូង ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេង សប្បាយរីករាយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង