ភ្នំពេញ៖ ក្នុងថ្ងៃទីពីរនៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ភ្ញៀវទេសចរប្រមាណជាង ១លាន៥៧ម៉ឺននាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ចេញដោយក្រសួងទេសចរណ៍នៅព្រឹកមិញនេះ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរក្នុងថ្ងៃទីពីរនៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ មានចំនួន ១,៥៧៩,២៥១នាក់ ក្នុងនោះភ្ញៀវជាតិ១,៥៦៩,៤៨២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៩,៧៦៩នាក់។
បើតាមលោករដ្ឋមន្ត្រី គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តបាត់ដំបង ២៤១,៨១៧នាក់, ខេត្តព្រៃវែង ១៥៥,៣០៤នាក់, ខេត្តបន្ទាយមានជ័យ ១៣៧,១៨៣នាក់, ខេត្តកំពង់ចាម ១២៣,៨៧០នាក់, ខេត្តពោធិ៍សាត់ ១២០,៧១៤នាក់, ខេត្តកំពត ១០៨,៤៤២នាក់, ខេត្តសៀមរាប ១០៧,០១៤នាក់ និងខេត្តកំពង់ស្ពឺ ១០១,៧៥១នាក់។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា នាថ្ងៃទីពីរនេះ ចរន្តភ្ញៀវទេសចរមានភាពផុសផុល និងកុះករកាន់តែច្រើន បើធៀបនឹងថ្ងៃទី១ បើទោះបីតំបន់ខ្លះមានភ្លៀងធ្លាក់ក៏ដោយ។ ជាក់ស្តែង តួលេខថ្ងៃទី២នេះ មានការកើនឡើងរហូតដល់ប្រមាណ ៨៣% ធៀបនឹងថ្ងៃចូលឆ្នាំទី១។ សរុបទាំង២ថ្ងៃ ភ្ញៀវទេសចរសរុបមានចំនួន២,៤៤២,១៤៨នាក់។ លោករដ្ឋមន្ត្រី រំពឹងថា ចរន្តភ្ញៀវទេសចរ នឹងបន្តមានភាពផុសផលនាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំនាថ្ងៃនេះ និងបន្តរហូតដល់ថ្ងៃអាទិត្យ។
នាថ្ងៃទី២នេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស រួមទាំងទីកន្លែងប្រារព្ធកម្មវិធីសង្រ្កាន្ត និងកម្មវិធីកម្សាន្តសប្បាយនានា។ ដោយឡែក បណ្តាខេត្តដែលពុំមានការរៀបចំសង្ក្រាន្តនៅទីរួមខេត្ត ក៏បានរៀបចំឲ្យមានតំបន់ត្រជាក់ចិត្តនៅក្នុងប្រជុំជនក្នុងទីរួមខេត្ត ដោយមានការដាក់ឡានទឹកដើម្បីបាញ់កម្សាន្តដាក់ប្រជាពលរដ្ឋ ចាក់ភ្លេង និងរាំលេងកម្សាន្ត រួមជាមួយការលេងល្បែងប្រជាប្រិយផងដែរ៕