សង្គម៖ កាលពីពេលថ្មីៗនេះ គណនីហ្វេសបុកមួយមានឈ្មោះ មករា ទីឃះ បានចែករំលែកការរើសបានប្រាក់២ដុំដែលមានចំនួន ១០លានរៀលដោយចៃដន្យត្រង់ចំណុចផ្លូវបំបែកកំពង់សោម កោះកុង និងបានប្រកាសស្វែងរកម្ចាស់ប្រាក់ទាំងនេះ ដោយមិនទាមទារចង់បានប្រាក់រង្វាន់លើកទឹកចិត្តឡើយ។
ក្នុងនោះលោកបានឱ្យដឹងថា “ខ្ញុំបាទបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ 4 ត្រង់ម្តុំផ្លូវបំបែកជាបី( ត្រង់ចំណុចទិសដៅ ភ្នំពេញ កំពង់សោម បែកទៅស្រែអំបិលកោះកុង ) ត្រង់ចំណុចផ្លូវបំបែកនេះ ខ្ញុំបាទរើសបានដុំថង់ខ្មៅវិចខ្ចប់លុយ ក្នុងថង់នោះមានលុយចំនួនពីរដុំ ក្នុងមួយដុំមានលុយចំនួន 5 លានរៀល ពីរដុំសរុបមានលុយ10លានរៀល សូមបងប្អូនដែលជាម្ចាស់លុយ អាចខលទាក់ទងតាមរយៈលេខទូរសព្ទដៃរបស់ខ្ញុំបាទបានហើយខ្ញុំបាទរីករាយក្នុងការប្រគល់លុយគ្រប់ចំនួនជូនបងប្អូនវិញដោយមិនត្រូវការទាមទារប្រាក់រង្វាន់លើកទឹកចិត្តអ្វីទាំងអស់ នេះជាលេខទូរសព្ទរបស់ខ្ញុំបាទ ( 010 53 44 57 ) សូមអរគុណ”។
តាមការឱ្យដឹងបន្ថែម លោកបានបញ្ជាក់ថា លោកមិនចង់បានប្រាក់ដែលលោករើសបានទាំងនេះឡើយ ព្រោះយ៉ាងណាវាជាកម្លាំងញើសឈាមគេដែលរកបានមកដោយលំបាក ម៉្យាងទៀតកាលនៅក្មេងធ្លាប់ទទួលបានការទូន្មានពីលោកគ្រូអ្នកគ្រូឱ្យប្រកាន់ខ្ជាប់អំពើល្អជានិច្ចផងដែរ៕