×

ការស្ទង់មតិរបស់ក្រសួងទេសចរណ៍៖ អ្នកដើរលេងជាគ្រួសារ ចាយអស់ខ្ទង់៥០០ដុល្លារ ក្នុងឱកាសចូលឆ្នាំ

ភ្នំពេញ៖ តាមការស្ទង់មតិរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ចំពោះការចំណាយរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងពេលចូលឆ្នាំ ៣ថ្ងៃ ចំពោះគ្រួរសារមួយ ដែលមានគ្នា ៥នាក់ ហើយធ្វើដំណើរកម្សាន្ត ឆ្ងាយពីផ្ទះ ក្នុងពេល៣ថ្ងៃនេះ ពួកគាត់បានចំណាយមិនតិចជាង ៥០០ដុល្លារទេ ( គិតរួមទាំងចំណាយស្នាក់នៅ ហូបចុក ធ្វើដំណើរ (ចាក់សាំង) រួមទាំងការទិញទំនិញផ្សេងៗ រៀបចំ រណ្តាប់ បង្សកូល និងចង្ហាន់ទៅវត្តផង)។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់

ក្នុងនោះ តួលេខប្រចាំថ្ងៃ រួមមាន៖

-ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៨៦២.៨៩៧ នាក់

-ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ១.៥៧៩.២៥១ នាក់

-ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ២.១៤៨.១៧៨ នាក់

-ថ្ងៃទី១៧ ខែមេសា៖ ភ្ញៀវមានចំនួន ៥៨៥.៤២៨ នាក់

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖

-ខេត្តបាត់ដំបង ៦៥៣.៨៩៦ នាក់

-ខេត្តកំពង់ចាម ៥៤១.៩០០ នាក់

-ខេត្តបន្ទាយមានជ័យ ៤៧១.១១៩ នាក់

-ខេត្តសៀមរាប ៤៥៥.៩៨៤ នាក់

-ខេត្តព្រៃវែង ៣៩៦.៣២៨ នាក់

-ខេត្តកំពង់ស្ពឺ ៣៤៥.០១៨ នាក់

-ខេត្តពោធិ៍សាត់ ៣៣៨.៩១៦ នាក់

-ខេត្តកំពង់ឆ្នាំង ៣០០.៥៦១ នាក់

-ខេត្តកំពត ២៨៤.៨៩៣ នាក់

-ខេត្តព្រះសីហនុ ២៦៤.៣០៨ នាក់

-រាជធានីភ្នំពេញ ២៤០.៤៦០ នាក់

លោករដ្ឋមន្រ្តី ថោង ខុន បានបន្តថា ចំនួនភ្ញៀវទេសចរប្រមាណជាង ៥លាននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែនចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសាកលកន្លងមក ភ្ញៀវសរុបមានប្រមាណ ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន -វៀតណាម ភ្ញៀវសរុបមានប្រមាណ ៩៤ ម៉ឺននាក់។

លោករដ្ឋមន្ត្រីបន្តទៀតថា ប្រជាពលរដ្ឋភាគច្រើន បានសម្រុកត្រលប់ចូលរាជធានីភ្នំពេញវិញចាប់តាំងពីពេលរសៀល ដែលបានធ្វើឲ្យចរាចរនៅតាមដងផ្លូវជាតិសំខាន់ៗ មានភាពកកកុញច្រើន។

ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ តាមបណ្តាសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើក អាជីវកម្មឡើងវិញនោះ បានទទួលការកក់ពេញស្ទើរ ១០០%។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគតាមផ្លូវ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង