
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍តបនឹងសំណួររបស់អ្នកសារព័ត៌មាន ជុំវិញការព្រួយបារម្ភពីបញ្ហាឆ្លងកូវីដ១៩ ក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ។

លោកស្រី បានបញ្ជាក់តាមរយៈប្រព័ន្ធតេឡេក្រាមដូច្នេះថា៖ “ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានជាច្រើននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ ខ្ញុំសូមជម្រាបជូនថា ការព្រួយបារម្ភ មានការឆ្លងកូវីដ១៩ ឫមិនព្រួយបារម្ភ យើងគួរពិនិត្យមើលតាមស្ថានភាពនៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយើង ហើយក៏ជាការទទួលខុសត្រូវ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារដែរ ក្នុងការអនុវត្តការការពារការចម្លងកូវីដ១៩។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលបន្តថា៖ ” យើងមិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡើយទេ ព្រោះទើបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង ដែលត្រូវរង់ចាំ និងបន្តពិនិត្យមើលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយ នៅតំបន់ណាមួយ រហូតដល់ដំណាច់ខែមេសានេះ។ ការទទួលខុសត្រូវ របស់បុគ្គល និងសហគមន៍ នាពេលនេះ ជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ក្នុងក្រុមគ្រួសារនីមួយៗ ហើយប្រសិនបើលោកអ្នកមានការសង្ស័យ សូមធ្វើតេស្តរហ័ស ឫទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះលោកអ្នក។ បើលទ្ធផលបង្ហាញ វិជ្ជមានកូវីដ១៩ និងបើក្នុងលក្ខណៈស្រាល សូមនៅដោយឡែក ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ និងអ្នកដទៃ ហើយថែទាំព្យាបាលខ្លួននៅផ្ទះឱ្យបានល្អហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក។”
លោកស្រីបន្តទៀតថា៖ “បើមានរោគសញ្ញាសង្ស័យថាវិវឌ្ឍទៅធ្ងន់ធ្ងរ សូមប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ កុំសំងំនៅផ្ទះ ដែលអាចស្លាប់បាត់បង់ជីវិតបាន។ សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឫក្រុមគ្រូពេទ្យដែលនៅតំបន់លោកអ្នករស់នៅ ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា។ សូមនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ទី៣ និងទី៤) ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវភាពស៊ាំរបស់បុគ្គល និងភាពស៊ាំរបស់សហគមន៍ សម្រាប់រក្សានិរន្តរភាពនៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីបានយូរអង្វែងតទៅដែលក្រុមគ្រូពេទ្យនៅបន្តចាក់ជារៀងរាល់ថ្ងៃជាពិសេសនៅតាមគោលដៅធំៗ ដូចជារោងចក្រ សហគ្រាស ទីផ្សារ និងសាលារៀន។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងចៀសផុតនូវជំងឺកូវីដ១៩ទាំងអស់គ្នា។ សូមអរគុណ”៕