វៀតណាម៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាម បានចេញការព្រមានប្រឆាំងនឹងចាហួយ “XZL Milk Fruit Jelly School Bag” ដែលជាផលិតផលស្ករគ្រាប់ ដែលនាំចូលពីចក្រភពអង់គ្លេស ដោយសារតែមានការព្រួយបារម្ភអំពីហានិភ័យនៃការស្លាក់។
ការព្រមាននេះ បានកើតឡើង បន្ទាប់ពីការជូនដំណឹងស្រដៀងគ្នានេះ ពីក្រសួងសុខាភិបាលវៀតណាម និងទីភ្នាក់ងារស្តង់ដាអាហាររបស់ចក្រភពអង់គ្លេស។ ក្រុមហ៊ុន Interdragon International Trading Co. Ltd និង Asia Oriental Market Ltd ដែលជាក្រុមហ៊ុនផលិត និងអ្នកចែកចាយ ក៏បានប្រមូលយក XZL Milk Fruit Jelly School Bag ក្នុងចក្រភពអង់គ្លេសផងដែរ ដោយសារផលិតផលនេះមានសារធាតុ Carrageenan, Sodium Alginate និង Konjac ដែលមិនត្រូវបានអនុញ្ញាតជាគ្រឿងផ្សំក្នុងការផលិតស្ករគ្រាប់ចាហួយ។ គ្រាប់ចាហួយ អាចបង្កគ្រោះថ្នាក់ស្លាក់បាន ដោយសារភាពមិនរលាយ រូបរាង ទំហំ និងរបៀបនៃការប្រើប្រាស់។
ក្រសួងបានពន្យល់ថា ចាហួយនីមួយៗ ត្រូវប៊ឺតយកចេញពីខាប់សូល (Capsule) ដូច្នេះវាអាចជាប់នៅក្នុងផ្លូវដង្ហើមរបស់អ្នកញ៉ាំ។ នៅចក្រភពអង់គ្លេស ការជូនដំណឹង ត្រូវបានបង្ហាញនៅហាងលក់រាយទាំងអស់ ដោយពន្យល់ដល់អតិថិជនថា ហេតុអ្វីបានជាផលិតផលនេះត្រូវបានគេប្រមូលមកវិញ។ អតិថិជនដែលបានទិញ ត្រូវប្រគល់ឱ្យហាងវិញ ដើម្បីទូទាត់សំណងពេញលេញ៕