×

មានករណី​ជន​មិនស្គាល់មុខ ពង្រាយ​ក្បាលវីសដែក តាម​ដងផ្លូវជាតិលេខ៥ ក្នុង​ស្រុកមោងឫស្សី

បាត់ដំបង៖ យោងតាមការបង្ហោះនៅលើបណ្ដាញសង្គម មានករណីជនមិនស្គាល់មុខ បានយកក្បាលវីសដែលដាក់ពង្រាយ នៅតាមដងផ្លូវជាតិចំណុចចន្លោះភូមិព្រៃតូច និងភូមិកូនខ្លុង ក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលបានបង្កឱ្យមុតកង់រថយន្តរបស់អ្នកដំណើរម្នាក់ ដែលគាត់ធ្វើដំណើរឆ្លងកាត់ចំណុចនោះ នាវេលាម៉ោង ១០និង២០នាទី យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាឱ្យកម្លាំងធ្វើការជាបន្ទាន់នៅចំណុចកើតហេតុខាងលើ។ ឆ្លងតាមរយៈលទ្ធផលនៃការស្រាវជ្រាវនេះ សមត្ថកិច្ចនគរបាលស្រុកបានពិនិត្យនិងរកឃើញ នៅតាមដងផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ 262-263 ក្នុងភូមិកូនខ្លុង ឃុំព្រៃតូច បានរកឃើញ វីសដែកសរុបចំនួន ៩៣គ្រាប់ (វីសពណ៌សចំនួន ៦៧ គ្រាប់ និង វីសពណ៌ក្រហម ចំនួន ២៦គ្រាប់) ដែលនៅរាយប៉ាយលើផ្លូវជាតិ និងលើចិញ្ចើមផ្លូវ។

តាមការពិនិត្យជាក់ស្តែង វីសទាំងអស់នេះ គឺមានស្ថានភាពដែកវីសថ្មី អាចជាករណីដែលអ្នកធ្វើដំណើរជ្រុះធ្លាក់នៅទីនោះ ឬក៏អាចជាចេតនារបស់ជនណាមួយបោះចោលរាយប៉ាយ ដើម្បីនាំបង្កឱ្យមានការមុតធ្លាយមធ្យោ បាយធ្វើដំណើរឆ្លងកាត់ចំណុចនេះ ក្នុងគោលបំណងណាមួយ។

តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តម្រូវឱ្យអធិការនគរបាលស្រុកមោងឫស្សី ធ្វើការស្រាវជ្រាវស្វែងរកការពិតក្នុងករណីនេះ ប្រសិនបើរកឃើញថា ករណីនេះ ជាចេតនាទុច្ចរិតរបស់ជនណាមួយនោះ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ចំពោះសកម្មភាព បែបនេះលើជននោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង