ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួល និងបន្ធូរបន្ថយលក្ខខណ្ឌធ្វើចត្តាឡីស័ក លើអ្នកដំណើរមកពីបរទេស ដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញ ពីចំនួន១៤ថ្ងៃ មកនៅត្រឹម៧ថ្ងៃ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកដំណើរមកពីបរទេស ដែលមិនបានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់ វ៉ាក់សាំងពេញលេញ ត្រូវបានកែសម្រួលរយៈពេលធ្វើចត្តាឡីស័ក ពី១៤ថ្ងៃ មកនៅត្រឹម ៧ថ្ងៃប៉ុណ្ណោះ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការកែសម្រួលលក្ខខណ្ឌធ្វើតេស្ត ចំពោះអ្នកធ្វើចត្តាឡីស័ក ដែលមកពីបរទេសតាមផ្លូវអាកាស ត្រូវធ្វើតេស្តរហ័សនៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក ហើយអ្នកដំណើរមកពីបរទេសតាមព្រំដែនគោក ត្រូវធ្វើតេស្តរហ័សចំនួនពីរលើក ដែលលើកទី១ នៅថ្ងៃទី១ មុនពេលចូលមណ្ឌលចត្តាឡីស័ក និងលើកទី២ នៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា និងលុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា ប៉ុន្តែអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ផងដែរ៕