×

ភ្លើងឆេះព្រៃ​នៅ​អាមេរិក រាលដាល​ធំឡើងៗ ខណៈ​ប្រជាជន​រាប់ពាន់នាក់​ជម្លៀស

អាមេរិក៖ ភ្លើងឆេះព្រៃនៅរដ្ឋ Arizona បានរីករាលដាលធំជាងពេលចាប់ផ្ដើម ៣ដង គិតត្រឹមថ្ងៃពុធ ទី២០ ខែមេសា ខណៈលក្ខខណ្ឌអាកាសធាតុ ត្រូវបានគេរំពឹងថានឹងកាន់តែអាក្រក់ទៅៗ ដែលបណ្តាលឱ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយសារខ្យល់បក់ខ្លាំង។

ភ្លើងឆេះព្រៃ ដែលគេឱ្យឈ្មោះថា Tunnel Fire បានរាលដាលលើទំហំផ្ទៃដីប្រហែល ៨ពាន់ហិកតា កាលពីថ្ងៃអង្គារ ធ្វើឱ្យទំហំនៃការឆេះកើនឡើង៣ដង ចាប់ពីថ្ងៃអាទិត្យដែលភ្លើងបានចាប់ផ្ដើម។

យ៉ាងហោចណាស់ផ្ទះចំនួន ២៥ខ្នង ត្រូវបានឆេះ។ មនុស្សរាប់ពាន់នាក់ ត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។ រីឯអាជ្ញាធរបាននិយាយថា មិនមានកាលបរិច្ឆេទកំណត់សម្រាប់ការវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញនោះទេ។ មន្ត្រី កំពុងរៀបចំជម្រកបណ្ដោះអាសន្នសម្រាប់ប្រជាជនដែលត្រូវបានជម្លៀស។

ភ្លើងឆេះព្រៃ បានចាប់ផ្តើមនៅម៉ោង៤និង៣០នាទីរសៀលថ្ងៃអាទិត្យ។ មូលហេតុនៃការឆេះនេះ នៅមិនទាន់ដឹងនៅឡើយទេ។ ក្រុមស៊ើបអង្កេតអគ្គីភ័យ កំពុងធ្វើការដើម្បីកំណត់ពីមូលហេតុនៃការឆេះ។

យ៉ាងហោចណាស់មានអ្នកពន្លត់អគ្គីភ័យចំនួន ២៦០នាក់កំពុងប្រយុទ្ធនឹងការឆាបឆេះនេះ ដោយមានជំនួយពីគ្រឿងចក្រឈូសឆាយចំនួន ៣ គ្រឿង រថយន្តពន្លត់អគ្គីភ័យ ២៤គ្រឿង យន្តហោះពន្លត់ ១គ្រឿង និងឧទ្ធម្ភាគចក្រ ១គ្រឿង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង