ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានឱ្យដឹងថា បច្ចុប្បន្ននៅតាមបុរីជិត ១០០កន្លែង នៅរាជធានីភ្នំពេញ ស្ទើរតែមិនមានសេវាទូរស័ព្ទ និងសេវាអ៊ីនធឺណិតទេ ដោយសារតែពេលសាងសង់ ម្ចាស់បុរីមិនបានគិតគូរពីការតភ្ជាប់បណ្តាញនៅក្នុងទីតាំងបុរីរបស់ខ្លួន។
បញ្ហានេះលោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងកំពុងធ្វើការជាមួយម្ចាស់បុរី ដៃគូពាក់ព័ន្ធ និងប្រតិបត្តិករផ្សេងៗទៀត ដើម្បីជំរុញធ្វើយ៉ាងណាឲ្យបុរីទាំងនោះមានសេវាគ្រប់គ្រាន់ទាំងសេវាទូរស័ព្ទ និងអ៊ីនធឺណិត។ ទោះយ៉ាងណាក៏ដោយ លោកបានអះអាងថា ការងារនេះមិនងាយស្រួលឡើយ ព្រោះនឹងជួបប្រទះនូវបញ្ហាជាច្រើន ហើយបញ្ហានោះគឺ បុរីអត់ដីសម្រាប់សាងសង់បង្គោលអង់តែន ម្ចាស់បុរីមិនចង់សហការ ដោយកន្លែងខ្លះអត់មានចិញ្ចើមថ្នល់ដើម្បីតភ្ជាប់បណ្តាញចូលទៅក្នុងបុរីទៀតផង។ ទាំងអស់នេះសុទ្ធតែជារឿងដែលត្រូវដោះស្រាយ។ ដូច្នេះអាទិភាពរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើយ៉ាងណាក្នុងពេល១ឆ្នាំ ២ឆ្នាំ ធ្វើឲ្យសេវាទូរគមនាគមន៍បានល្អប្រើសើរជាងនេះ។
លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ទោះយ៉ាងនេះក៏ដោយក្រសួងនឹងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគ្រប់តួអង្គទាំងអស់ ជាពិសេសសហគមន៍ធុរកិច្ចឌីជីថល សហគ្រាសធនតូច និងមធ្យម ក្រុមហ៊ុនធុរកិច្ចឌីជីថល និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីដាក់ចេញនូវវិធានការ និងសកម្មភាពជាក់លាក់ សម្រួល និងគាំទ្រដល់ការចាប់យក និងការធ្វើបដិវត្តន៍កម្មឌីជីថលនៅកម្ពុជា សំដៅចាប់យកនូវកាលានុវត្តនៃការវិវត្តឆាប់រហ័ស នៃបច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤(៤.០)។
សូមបញ្ជាក់ថា ការលើកឡើងដូចនេះ ដោយរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើឡើងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងស្ថាប័នចំនួន៣គឺ ក្រុមហ៊ុនសូហ្វវែរឧស្សាហកម្មឌីជីថលសៀមិនស៍ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាលាស្ទឹមមីង ខេមបូឌា នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។
អនុស្សរណៈនៃការយោគយល់នេះស្តីពី ការប្រើប្រាស់បច្ចេកវិទ្យាអ៊ីចហ្ស៊ីលីរេតធើរបស់ក្រុមហ៊ុនសៀមិនស៍ ដើម្បីឱ្យសិស្ស និស្សិត មានសមត្ថភាពពូកែទាំងក្នុង និងក្រៅថ្នាក់រៀន។ ម្យ៉ាងវិញទៀត ដើម្បីពង្រឹងភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំ និងក្រុមហ៊ុនឧស្សាហកម្មដើម្បីរៀបចំកម្លាំងពលកម្មដែលមានផ្នត់គំនិតឌីជីថល សម្រាប់ប្រែក្លាយគំនិតឲ្យទៅជាការពិត និងសម្រាប់បង្កើតដំណោះស្រាយបច្ចេកវិទ្យាសម្រាប់ឧស្សាហកម្ម៤.០ នៅកម្ពុជា៕