×

ប្រទេសថៃ នឹង​លុបចោល​ការធ្វើតេស្ត PCR សម្រាប់​អ្នកដំណើរ ចាប់ពី​ថ្ងៃទី១ខែឧសភា

ថៃ៖ ការធ្វើតេស្ត PCR នៅពេលមកដល់ប្រទេសថៃ នឹងត្រូវលុបចោល ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២តទៅ។ នេះបើយោងតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី២២ ខែមេសានេះ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានប្រកាសថា ការធ្វើតេស្ត RT-PCR នឹងត្រូវលុបចោល ជំនួសដោយការធ្វើតេស្តរហ័សប៉ុណ្ណោះ សម្រាប់អ្នកដំណើរអន្តរជាតិ ដែលមកដល់ប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែឧសភា។

តម្រូវការធានារ៉ាប់រងសុខភាពសម្រាប់អ្នកធ្វើដំណើរ ក៏នឹងត្រូវកាត់បន្ថយពី ២ម៉ឺនដុល្លារទៅ ១ម៉ឺន ដុល្លារអាមេរិកផងដែរ។ លក្ខខណ្ឌតម្រូវនៃការធ្វើតេស្ត គឺអនុវត្តចំពោះអ្នកដំណើរដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងពេញលេញ។ អ្នកដែលមិនបានទទួលវ៉ាក់សាំងពេញលេញ ត្រូវតែធ្វើតេស្ត RT-PCR នៅថ្ងៃទី៤ និងទី៥ នៅពេលពួកគេមកដល់ប្រទេសថៃ។

កុមារដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំ ត្រូវតែចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ដូស ពីរសប្តាហ៍មុនពេលធ្វើដំណើរ។ អ្នកដែលធ្វើដំណើរជាមួយឪពុកម្តាយ ឬអាយុក្រោម ១២ ឆ្នាំត្រូវបានលើកលែង៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង