កែប៖ មិនយូរទៀតទេ ខេត្តកែប នឹងមានឆ្នេរខ្សាច់សាធារណៈកម្រិតខ្ពស់មានប្រវែងជិត ៣គីឡូម៉ែត្រ តាមបណ្ដោយឆ្នេរ ដែលទេសចរអាចកម្សាន្ត និងងូតទឹកលេងដោយសប្បាយរីករាយ ជាមួយនឹងបរិយាកាសដ៏ស្រស់បំព្រង នៅពេលគម្រោងឆ្នេរខ្សាច់សាធារណៈកម្រិតខ្ពស់ របស់រដ្ឋបាលខេត្តសម្រេចនៅពេលខាងមុខនេះ។
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នេះ លោក ប៉ែន សុផល អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាព ស្ដីពី គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលមានប្រវែង ២.៧០០ម៉ែត្រ ទទឹង ១០០ម៉ែត្រ និងទីតាំងមួយចំនួនទៀត ដែលរដ្ឋបាលខេត្ត បានស្នើរសុំចាក់ពង្រីកឆ្នេរមួយគម្រោងដែលមានផ្ទៃដីជាង ៥ហិកតា។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បញ្ជាក់ថា គម្រោងទាំងនោះ នឹងផ្តល់ប្រយោជន៍ដល់វិស័យទេសចរណ៍។ លោកបញ្ជាក់បន្ថែមថា គម្រោងឆ្នេរខ្សាច់កម្សាន្ត ២.៧០០ម៉ែត្រ កំពុងអនុវត្តជាប្រក្រតី ហើយផ្លូវបេតុងចំនួន ៥ខ្សែ ក្នុងនោះ វិថី ២ខ្សែ និងអនុវិថី ៣ខ្សែ ត្រូវបានកសាងរួចរាល់ ១០០% ហើយការចាក់ដីបំពេញ ក៏ស្ទើrតែហើយ ១០០% ដែរ និងកំពុងបន្តរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមគម្រោងដែលបានដាក់ចេញ៕