×

លិចទូក​ទេសចរណ៍​ដែលដឹកមនុស្ស ២៦នាក់ នៅ​ភាគខាងជើង​ប្រទេសជប៉ុន

ជប៉ុន៖ ឆ្មាំឆ្នេរសមុទ្រជប៉ុន បាននិយាយនៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ថា ឧទ្ធម្ភាគចក្រជួយសង្គ្រោះបានរកឃើញមនុស្ស ៧នាក់ក្នុងចំណោម ២៦នាក់ពីទូកទេសចរណ៍ដែលបានបាត់ខ្លួន នៅក្នុងដែនទឹកដ៏ត្រជាក់នៃភាគខាងជើងប្រទេសជប៉ុន កាលពីមួយថ្ងៃមុន ប៉ុន្តែស្ថានភាពរបស់ពួកគេ មិនទាន់ដឹងនៅឡើយ។

ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញមនុស្ស ៤នាក់នៅជិតចុងនៃឧបទ្វីប Shiretoko នៅថ្ងៃអាទិត្យនេះ ហើយបន្ទាប់មកមនុស្ស ៣នាក់ទៀត នៅក្នុងតំបន់ដូចគ្នា ត្រូវបានរកឃើញប៉ុន្មានម៉ោងក្រោយមក។ ទូរទស្សន៍ NHK បាននិយាយថា ពួកគេសន្លប់។

វីដេអូនៅលើ NHK បានបង្ហាញមនុស្សម្នាក់ បានមកដល់តាមរយៈឧទ្ធម្ភាគចក្រ ហើយត្រូវបានបញ្ជូនទៅរថយន្តសង្គ្រោះបន្ទាន់ ខណៈដែលអ្នកជួយសង្គ្រោះ បានបិទបាំងមុខរបស់ជនរងគ្រោះដើម្បីរក្សាឯកជនភាព។

ទូកដែលផ្ទុកអ្នកដំណើរ ២៤នាក់ និងសមាជិកនាវិកពីរនាក់ បានបាត់ខ្លួន បន្ទាប់ពីបានប្រកាសអាសន្នកាលពីថ្ងៃសៅរ៍។

យោងតាមអាជ្ញាធរក្នុងស្រុកបានឱ្យដឹងថា រលកខ្ពស់ និងខ្យល់បក់ខ្លាំង ត្រូវបានគេសង្កេតឃើញនៅក្នុងតំបន់ប្រហែលម៉ោង ១២ ថ្ងៃត្រង់។

សារព័ត៌មានជប៉ុនរាយការណ៍ថា ទូកនេសាទបានត្រឡប់ទៅកំពង់ផែមុនថ្ងៃត្រង់ ដោយសារអាកាសធាតុអាក្រក់។ ទូរទស្សន៍ NHK បាននិយាយថា មានការព្រមានអំពីរលកខ្ពស់ដែលមានកម្ពស់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង