ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ថា គួរលុបចោលនូវកាតព្វកិច្ចពាក់ម៉ាសសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ពេលស្ថិតនៅទីសាធារណៈដែលបើកចំហរនៅទូទាំងប្រទេស លើកលែងតែក្នុងកន្លែងបិទជិត ដូចជាក្នុងក្រុមហ៊ុន សាល និងអគារ ដែលមានការប្រមូលផ្ដុំ និងមានម៉ាស៊ីនត្រជាក់។
សម្ដេចតេជោ បានផ្ដល់អនុសាសន៍ដូច្នេះ នៅក្នុងពិធីទទួលវ៉ាក់សាំងជាង១លានដូស ពីប្រទេសអ៊ីតាលី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសានេះ។ សម្តេច គ្រោងនឹងដកចេញការប្រើម៉ាសតាមទីសាធារណៈ ដោយត្រូវបន្តការចាក់វ៉ាក់សាំង ជាពិសេសដូសទី៣ ដែលអាចចាត់ទុកជាកាតព្វកិច្ច។
សម្ដេចតេជោ បានមានប្រសាសន៍ថា ការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស នឹងសន្សំសំចៃការចំណាយយ៉ាងហោចណាស់ “១០ម៉ឺនដុល្លារក្នុងមួយថ្ងៃ” ទៅលើម៉ាស។ សម្ដេចតេជោ បន្តថា ក៏អាចមានការវិលត្រឡប់ទៅពាក់ម៉ាសវិញ ប្រសិនបើមានករណីឆ្លងកូវីដ១៩ កើនឡើង៕