×

ចិន បញ្ជា​ឱ្យធ្វើតេស្ត​ទ្រង់ទ្រាយធំ​នៅក្រុងប៉េកាំង ខណៈ​ពលរដ្ឋ​សម្រុក​ទិញទំនិញទុក

ប៉េកាំង៖ ការភ័យខ្លាចចំពោះការបិទខ្ទប់ ដែលអាចកើតឡើង បានបង្កឱ្យមានការភ័យស្លន់ស្លោ នៅទីក្រុងប៉េកាំង ខណៈប្រជាពលរដ្ឋរស់នៅទីក្រុងនេះ បានតម្រង់ជួរយ៉ាងវែង នៅតាមហាងទំនិញ នៅថ្ងៃចន្ទ ទី២៥ ខែមេសានេះ ក្នុងតំបន់ដ៏ធំមួយនៅកណ្ដាលទីក្រុង។

ប្រទេសចិន កំពុងព្យាយាមទប់ទល់នឹងរលកនៃការឆ្លងនៅក្នុងទីក្រុងដ៏ធំបំផុតរបស់ខ្លួន នៅសៀងហៃ ដែលត្រូវបានបិទខ្ទប់ស្ទើរតែទាំងស្រុងអស់រយៈពេលជាច្រើនសប្តាហ៍ ហើយបានរាយការណ៍ពីការស្លាប់ដោយសារកូវីដ១៩ ចំនួន ៥១នាក់ នៅថ្ងៃចន្ទនេះ។

តំបន់ Chaoyang ដែលជាបេះដូងនៃទីក្រុងប៉េកាំង មានប្រជាជនប្រមាណ ៣,៥លាននាក់ បានបញ្ជាឱ្យធ្វើតេស្តទ្រង់ទ្រាយធំ ចាប់ពីថ្ងៃចន្ទសម្រាប់អ្នកស្រុក និងអ្នកដែលមកធ្វើការនៅទីនោះ។ តំបន់នេះ មានទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន និងស្ថានទូតជាច្រើន។

នៅថ្ងៃដដែល ប្រជាពលរដ្ឋជាច្រើន បានតម្រង់ជួរឈរនៅផ្សារទំនើបដើម្បីទិញទំនិញទុក និងនៅខាងក្រៅកន្លែងធ្វើការ ខណៈពួកគេខ្លះ បានរង់ចាំផ្ដល់សំណាកដល់បុគ្គលិកសុខាភិបាល។

មនុស្សម្នា បានរុញរទេះទិញឥវ៉ាន់ដាក់ពេញៗ ខណៈទំនិញជាច្រើនមុខនៅលើកម្មវិធីដឹកជញ្ជូននានា ត្រូវបានលក់អស់ កាលពីថ្ងៃអាទិត្យ។ ទីក្រុងប៉េកាំង ក៏បានដាក់ការត្រួតពិនិត្យតឹងរ៉ឹងលើការចូលទៅកាន់ទីក្រុង ដោយអ្នកធ្វើដំណើរតម្រូវឱ្យធ្វើតេស្តកូវីដ១៩ អវិជ្ជមានក្នុងរយៈពេល ៤៨ម៉ោង៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង