ក្រចេះ៖ កូនផ្សោតញីមួយក្បាល ត្រូវបានគេប្រទះឃើញងាប់តាមទន្លេមេគង្គ នៅចំណុចស្រះត្រពាំងខាងលើអន្លង់កាំពី ប្រហែល១០០ម៉ែត្រ ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីជលផលខេត្តក្រចេះ។
មន្ត្រីជំនាញសន្និដ្ឋានថា កូនផ្សោតញីទើបនេះ ទើបនឹងកើតនៅចន្លោះ ៧ ថ្ងៃទៅ១០ថ្ងៃប៉ុណ្ណោះ ហើយវាមានទម្ងន់ ១៣គីឡូក្រាម។ ចំពោះការស្លាប់កូនផ្សោតញីនេះ បើយោងតាមការពិនិត្យជាក់ស្ដែង មិនឃើញមានមានស្លាកស្នាមជាប់មង ឬរងរបួសអ្វីដែលគួរឱ្យគត់សម្គាល់នោះឡើយ។
បើយោងតាមបច្ចេកទេសរបស់អង្គការWWF បានបញ្ជាក់ថា កូនផ្សោតមួយក្បាលនេះទំនងជាងាប់បណ្ដាលមកពីចរិតបំពានរបស់ផ្សោតឈ្មោល ព្រោះថា ជាញឹកញាប់យោងតាមក្រិតក្រមធម្មជាតិរបស់សត្វផ្សោត នៅពេលដែលកូនផ្សោតកើតមកម្ដងៗសត្វផ្សោតឈ្មោលតែងតែច្រណែនខាំបោក ហើយបើមិនមានការជួយអន្តរាគមន៍ពីឆ្មាំទេ កូនផ្សោតទាំងនោះ នឹងមានគ្រោះថ្នាក់កើតឡើង។
ទោះយ៉ាងនេះក៏ដោយ អង្គការWWF បានយកកូនផ្សោតនេះ ទៅរក្សាទុក្ខនៅទីស្នាក់ការរបស់ខ្លួនដើម្បីធ្វើកោសល្យវិច្ច័យរកមូលហេតុបន្តទៀត។
សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុតនៅលើពិភពលោក។ ក្នុងឆ្នាំ២០២១ សត្វផ្សោតក្នុងទន្លេមេគង្គរបស់កម្ពុជា កើតបានកូន៦ក្បាល។ តាមការជំរឿនសត្វផ្សោតទន្លេមេគង្គឆ្នាំ២០២០ បានប៉ាន់ប្រមាណថា ចំនួនសត្វផ្សោតសរុបមានត្រឹមតែ ៨៩ក្បាលប៉ុណ្ណោះ កំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា៕