ជប៉ុន៖ ក្រុមអ្នកជួយសង្គ្រោះដែលកំពុងស្វែងរកទូកទេសចរណ៍ដែលដឹកមនុស្ស ២៦នាក់ ដែលបានលិចនៅភាគឦសានប្រទេសជប៉ុន បានរកឃើញសពជនរងគ្រោះទី១១ ដែលជាកុមារ។ វាបានបង្កើតជាសំណួរ អំពីមូលហេតុដែលទូកនោះ បានបើកទាំងអាកាសធាតុអាក្រក់ នៅកន្លែងគ្រោះថ្នាក់។
ឆ្មាំសមុទ្រជប៉ុនបាននិយាយនៅថ្ងៃចន្ទ ទី២៥ ខែមេសានេះថា សពក្មេងនេះ ត្រូវបានគេរកឃើញកាលពីល្ងាចថ្ងៃអាទិត្យ ហើយក្រោយមកត្រូវបានបញ្ជាក់ថាបានស្លាប់។ សពបុរស ៧នាក់ និងស្ត្រី ៣នាក់ ត្រូវបានរកឃើញ នៅព្រឹកថ្ងៃអាទិត្យ។
នាវិកទាំងពីរនាក់ របស់ទូកឈ្មោះ Kazu 1 កំពុងដឹកអ្នកដំណើរ ២៤នាក់ រួមទាំងកុមារ ២ នាក់ ក្នុងដំណើរទេសចរណ៍មើលទេសភាពនៅឧទ្យានជាតិ Shiretoko នៅផ្នែកខាងជើងនៃកោះហុកកៃដូ។ នាវិក បានប្រកាសអាសន្នថាទូកកំពុងលិច កាលពីរសៀលថ្ងៃសៅរ៍។
ទីតាំងនេះ គឺនៅជិតទឹកជ្រោះ Kashuni ដែលត្រូវបានគេស្គាល់ថា ជាកន្លែងដែលពិបាកជិះទូក ដោយសារតែថ្ម និងជំនោរខ្លាំង។
ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុន កំពុងស៊ើបអង្កេតលើប្រតិបត្តិករនៃទូក ឈ្មោះ Shiretoko Pleasure Cruise ដែលបានជួបឧបទ្ទវហេតុចំនួនពីរ កាលពីឆ្នាំមុន ដែលក្នុងនោះ ក៏មានការពាក់ព័ន្ធជាមួយអ្នកបើកទូក Kazu 1 ដែលបានលិចផងដែរ។ ក្រសួងបាននិយាយថា គេកំពុងពិនិត្យមើលស្តង់ដាសុវត្ថិភាព និងការសម្រេចចិត្តធ្វើដំណើរទេសចរណ៍នៅថ្ងៃសៅរ៍ បើទោះបីជាអាកាសធាតុអាក្រក់ក៏ដោយ។ ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុននិយាយថា ខ្លួនកំពុងប្រមូលព័ស្តុតាងក្រោមការសង្ស័យនៃការធ្វេសប្រហែសផ្នែកវិជ្ជាជីវៈរបស់ប្រតិបត្តិករទេសចរណ៍នោះ៕