×

សម្តេចតេជោ ហ៊ុន សែន ប្រកាស​លើកលែង​កាតព្វកិច្ច​ពាក់ម៉ាស​តាមទីសាធារណៈ​ទូទាំង​ប្រទេស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាសតាមទីសាធារណៈទូទាំងប្រទេស ប៉ុន្តែទីបិទជិត កន្លែងហានិភ័យ បន្តលើកទឹកចិត្តឱ្យពលរដ្ឋពាក់ម៉ាសការពារ។ នេះបើយោងតាមសារជាសំឡេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “លើកលែងកាតព្វកិច្ចពាក់ម៉ាសនៅតាមទីសាធារណៈ និងតាមទីកន្លែងចំហរនានាទូទាំងប្រទេស លើកលែងតែកន្លែងបិទជិតដែលផ្ដល់ឱ្យប្រជាពលរដ្ឋទូទាំងប្រទេសជាអ្នកសម្រេចចិត្តដោយខ្លួនឯង ឬក៏មិនពាក់”។ សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា មានន័យថា បន្ទាប់ពីបងប្អូនទទួលបានសារសំឡេងនេះ បងប្អូនអាចរើសដោយខ្លួនឯង បន្តពាក់ម៉ាសតទៅទៀត ឬក៏ឈប់ពាក់ម៉ាសនៅកន្លែងបើកចំហរ ក្រៅពីកន្លែងបិទជិត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា កន្លែងបិទជិតសំដៅទៅលើបន្ទប់ប្រជុំ ដែលមានការបិទជិតដោយប្រើម៉ាស៊ីនត្រជាក់ ឬក៏នៅក្នុងរោងភាពយន្តដែលមានមនុស្សនៅទីនោះច្រើន ហើយមានការបិទជិត ដោយប្រើម៉ាស៊ីនត្រជាក់។ ប៉ុន្តែក្នុងករណីដែលមានលំហរខ្យល់ចេញចូលពីខាងក្រៅអាចដោះចេញបាន នៅតាមផ្លូវសាធារណៈ នៅតាមសួនច្បារ និងកន្លែងផ្សេងដែលមិនមានការបិទទេបងប្អូនអាចសម្រេចចិត្តដោយខ្លួនឯងអាចពាក់ម៉ាស ឬក៏មិនពាក។

ចំពោះទីតាំងមួយចំនួន សម្ដេចតេជោ ហ៊ុនសែន បញ្ជាក់ថា៖ “រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តឱ្យមានការពាក់ម៉ាស ក៏ប៉ុន្តែមិនមែនជាកាតព្វកិច្ចដែលត្រូវតែពាក់នោះទេ តែរាជរដ្ឋាភិបាល ក៏នៅតែយកចិត្តទុកដាក់លើកទឹកចិត្តឱ្យមានការពាក់ម៉ាស នៅកន្លែងដែលមានមនុស្សកកកុញប្រមូលផ្ដុំ និងនៅទីកន្លែងដែលមានការសង្ស័យថាអាចមានករណីកូវីដនៅទីនោះ”។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា នេះគឺជាជម្រើសដ៏ល្អបំផុតដើម្បីចូលរួមជាមួយបងប្អូនជនរួមជាតិ បន្ទាប់ពីយើងបានចាក់វ៉ាក់សាំងពេញលេញរួចមកហើយ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្ឃឹមថា ប្រជាពលរដ្ឋដកខ្លួនចេញពីការចំណាយដោយយកវ៉ាក់សាំងជំនួស ដោយការមិនពាក់ម៉ាស។

សម្តេចតេជោបញ្ជាក់ថា៖ “ដើម្បីធានា នូវភាពរឹងមាំសម្រាប់ការបន្តនិរន្តរភាពមិនពាក់ម៉ាស និងមានជំងឺឆ្លងបន្តទៀត ខ្ញុំព្រះករុណាខ្ញុំអំពាវនាវសូមប្រជាពលរដ្ឋរបស់យើងទទួលយកវ៉ាក់សាំងដុំទី៣ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីការពារសុខមាលភាពខ្លួនយើង និងក្រុមគ្រួសារយើង”។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា៖ “យើងនឹងខិតខំចាក់វ៉ាក់សាំងដូសទី៤ឱ្យប្រជាពលរដ្ឋ និងបន្តជំរុញឱ្យបានដូសទី៥ សម្រាប់មន្ត្រីជួរមុខ ដោយមិនខ្វះវ៉ាក់សាំងចាក់នោះទេ”។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បន្តលើកទឹកចិត្តឲ្យប្រជាពលរដ្ឋធ្វើតេស្តរហ័ស ដើម្បីស្វែងរកជំងឺកូវីដ១៩ ប្រសិនបើមានករណីសង្ស័យណាមួយ ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្លួនឯងទាក់ទងទៅនឹងជំងឺកូវីដ១៩ ហើយមន្ត្រីសុខាភិបាល ត្រូវតាមដានការប្រែប្រួលទាំងអស់នេះ ដើម្បីយើងធ្វើវិធានការទាន់ពេលវេលា។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា៖ “ជំងឺកូវីដនៅលើពិភពលោកមិនទាន់អស់នៅឡើយទេ ដែលមានករណីថ្មីៗបន្តទៀត ប្រសិនបើមានករណីថ្មី ហើយសាហាវ រាជរដ្ឋាភិបាល នឹងមានវិធានការផ្សេងៗទៀត”៕

អត្ថបទ៖លោក ហ៊ន សុភ័ក្រ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង