ចិន៖ ក្រុងប៉េកាំង នៅថ្ងៃអង្គារ ទី២៦ ខែមេសានេះ បានចាប់ផ្តើមការធ្វើតេស្តរកមេរោគកូវីដ១៩ទ្រង់ទ្រាយធំលើប្រជាជន ២១លាននាក់ ខណៈការភ័យខ្លាចកាន់តែខ្លាំងឡើងថា រដ្ឋធានីរបស់ចិន អាចត្រូវបិទខ្ទប់យ៉ាងតឹងរ៉ឹងដូចទីក្រុងសៀងហៃ។
ប្រទេសចិន កំពុងព្យាយាមទប់ស្កាត់រលកនៃការឆ្លងនៅក្នុងទីក្រុងសៀងហៃ ដែលជាទីក្រុងដ៏ធំបំផុតរបស់ខ្លួន ដែលត្រូវបានបិទខ្ទប់ស្ទើរតែទាំងស្រុងអស់ជាច្រើនសប្តាហ៍ ហើយបានរាយការណ៍ពីការស្លាប់ដោយសារកូវីដ១៩ថ្មីចំនួន ៥២ករណីបន្ថែមទៀត នៅថ្ងៃអង្គារនេះ។
អាជ្ញាធរក្រុងប៉េកាំង បានបញ្ជាឱ្យប្រជាជននៅក្នុងសង្កាត់ចំនួន១២ ត្រូវទៅធ្វើតេស្ត PCR ចំនួន ៣ជុំ បន្ទាប់ពីការរកឃើញករណីរាប់សិបនាក់ នៅក្នុងទីក្រុងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ សង្កាត់ដែលមានប្រជាជនច្រើនជាងគេបំផុតពោលគឺ Chaoyang គឺជាតំបន់ដំបូងគេដែលបញ្ជាឱ្យមានការធ្វើតេស្តទ្រង់ទ្រាយធំ ចាប់ពីថ្ងៃចន្ទ ដោយមនុស្សរង់ចាំជាជួរវែងៗ ដើម្បីផ្ដល់សំណាកជូនគ្រូពេទ្យ។ សង្កាត់ចំនួន១១បន្ថែមទៀត បានចាប់ផ្តើមការធ្វើតេស្តនៅថ្ងៃអង្គារ។
ចាប់ពីយប់ថ្ងៃអាទិត្យ ប្រជាជនបានតម្រង់ជួរនៅផ្សារទំនើប ដោយមានរទេះ និងថង់ដើរទិញឥវ៉ាន់ពេញៗ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានព្យាយាមធានាដល់សាធារណជនថា នឹងមានការផ្គត់ផ្គង់ស្បឿងអាហារគ្រប់គ្រាន់។
មន្ត្រីសុខាភិបាលក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃចន្ទថា ការរីករាលដាលនៃមេរោគកូវីដ១៩នៅក្នុងទីក្រុង គឺស្ថិតក្នុងការគ្រប់គ្រងបាន។
រដ្ឋធានីនេះ បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៣៣ នៅថ្ងៃអង្គារនេះ។ ក្រុមហ៊ុននានា អនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ បិទអគារជាច្រើន និងផ្អាកទេសចរណ៍ជាក្រុមក្នុងស្រុក នៅមុនថ្ងៃបុណ្យជាតិ ត្រូវនឹងថ្ងៃទី១ ខែឧសភា។ អាជ្ញាធរបានជំរុញឱ្យប្រជាជនទីក្រុងប៉េកាំង កុំចាកចេញពីទីក្រុងនៅថ្ងៃឈប់សម្រាក ប្រសិនបើចាំបាច់៕