×

ចិន ត្រៀមបង្កើត​បច្ចេកវិទ្យា​ដើម្បី​ការពារ​អាចម៍ផ្កាយ​ដែល​គំរាមកំហែង​មកលើ​ផែនដី

ចិន៖ ប្រទេសចិន គ្រោងនឹងបង្កើតប្រព័ន្ធសម្រាប់តាមដានអាចម៍ផ្កាយ ដែលបង្កការគំរាមកំហែងដល់ផែនដី ក្នុងកម្មវិធីអវកាសរបស់ខ្លួន។

យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានឱ្យដឹងថា ប្រទេសចិន ក៏នឹងរិះរកមធ្យោបាយសម្រាប់ការពារពីការគំរាមកំហែងរបស់អាចម៍ផ្កាយ ដែលអាចបង្កគ្រោះថ្នាក់ដល់ភពផែនដី។

លោក Wu Yanhua នាយករងនៃរដ្ឋបាលអវកាសជាតិចិន បានឱ្យដឹងថា ដើម្បីសាកល្បងប្រព័ន្ធនេះ ប្រទេសចិន មានបំណងបញ្ជូនយានអវកាសឆ្ពោះទៅរកអាចម៍ផ្កាយនៅឆ្នាំ២០២៥ ឬ ២០២៦ ដើម្បីសិក្សាវា ហើយបន្ទាប់មកពួកគេ ធ្វើការផ្លាស់ប្តូរទិសដៅរបស់អាចម៍ផ្កាយ។

មហិច្ឆតារបស់ប្រទេសចិនសម្រាប់កម្មវិធីអវកាស បានបង្កើនភាពតានតឹងជាមួយសហរដ្ឋអាមេរិក។ ភាគីទាំងពីរ បានជជែកវែកញែកជុំវិញបញ្ហារបស់ផ្កាយរណប នៃក្រុមហ៊ុន SpaceX ដែលទីក្រុងប៉េកាំងបាននិយាយថា វាបានចូលមកជិតស្ថានីយអវកាសរបស់ខ្លួនយ៉ាងគ្រោះថ្នាក់ ដោយជំរុញឱ្យមានការរិះគន់ SpaceX នៅគណៈកម្មាធិការអង្គការសហប្រជាជាតិ។ កាលពីដើមខែនេះ មន្ទីរបញ្ចកោណអាមេរិក បាននិយាយថា ចិន និងរុស្ស៊ី បន្តដាក់ពង្រាយអាវុធដែលអាចវាយប្រហារផ្កាយរណបរបស់អាមេរិក។

ទីភ្នាក់ងារអវកាស NASA ក៏បានតាមដានអាចម៍ផ្កាយ ដែលអាច និងកំពុងគំរាមកំហែងមកលើផែនដីផងដែរ។ ប្រព័ន្ធប្រកាសអាសន្នចុងក្រោយ ដែលប្រើតេឡេស្កូបនៅកោះហាវ៉ៃ ប្រទេសឈីលី និងអាហ្វ្រិកខាងត្បូង ត្រូវបានធ្វើឱ្យប្រសើរឡើងនៅឆ្នាំនេះ ដើម្បីធ្វើការស្កេនផ្ទៃមេឃរៀងរាល់ ២៤ម៉ោងម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង