សិង្ហបុរី៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ ដែលត្រូវបានកាត់ទោសពីបទជួញដូរគ្រឿងញៀន ត្រូវបានប្រហារជីវិតនៅក្នុងប្រទេសសិង្ហបុរី បើទោះបីជាមានការអំពាវនាវសុំការលើកលែងទោស ដោយហេតុផលថាគាត់មានពិការភាពខាងសតិបញ្ញាក៏ដោយ។
លោក Nagaenthran Dharmalingam អាយុ៣៤ឆ្នាំ បានជាប់ទោសប្រហារជីវិតអស់រយៈពេលជាងមួយទស្សវត្សរ៍ សម្រាប់ការជួញដូរហេរ៉ូអ៊ីន ៤៤ ក្រាមទៅកាន់ប្រទេសសិង្ហបុរី ដែលមានច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងបំផុតលើពិភពលោក។ មេធាវីរបស់គាត់ បានប្តឹងឧទ្ធរណ៍ជាច្រើនប្រឆាំងនឹងការប្រហារជីវិតរបស់គាត់។
ប្អូនប្រុសរបស់គាត់ ឈ្មោះ Navin Kumar អាយុ ២២ឆ្នាំ បានបង្ហើបថា ការប្រហារជីវិតត្រូវបានធ្វើឡើងនៅថ្ងៃពុធនេះ ហើយបាននិយាយថា សពនឹងត្រូវបញ្ជូនទៅប្រទេសម៉ាឡេស៊ីវិញ ដែលជាកន្លែងរៀបចំពិធីបុណ្យសព។ ប្អូនស្រីរបស់គាត់ ឈ្មោះ Sarmila Dharmalingam បានប្រាប់អ្នកសារព័ត៌មានថា បុរសអាយុ ៣៤ឆ្នាំរូបនេះ ត្រូវបានប្រហារជីវិតនៅព្រឹកព្រលឹម។
តុលាការសិង្ហបុរីកាលពីថ្ងៃអង្គារ បានបដិសេធការតវ៉ាផ្លូវច្បាប់ដែលធ្វើឡើងដោយម្តាយរបស់ Nagaenthran ដោយប្រហារជីវិតដោយការព្យួរក។ មនុស្សប្រហែល ៣០០ នាក់បានប្រារព្ធពិធីគោរពភ្លើងទៀន នៅសួនច្បារសិង្ហបុរីកាលពីថ្ងៃចន្ទ ដើម្បីតវ៉ាប្រឆាំងនឹងការព្យួរកនេះ។
ករណីរបស់ Nagaenthran បានទាក់ទាញការចាប់អារម្មណ៍ ដោយមានក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ និងមហាសេដ្ឋីអង់គ្លេស Richard Branson ចូលរួមជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងសកម្មជនសិទ្ធិមនុស្ស ដើម្បីជំរុញប្រទេសសិង្ហបុរីឱ្យលុបចោលការកាត់ទោសប្រហារជីវិតរបស់គាត់៕