ចិន៖ មន្ត្រីនៅច្រកព្រំដែន Mohan ក្នុងប្រទេសចិន បានផ្តល់ពេល ៥ថ្ងៃឱ្យភាគីថៃ ដើម្បីដោះស្រាយបញ្ហាកូវីដ១៩ ដែលត្រូវបានរកឃើញលើទុរេននាំចេញ។
យោងតាមរបាយការណ៍របស់ Nation ឱ្យដឹងថា មន្ត្រីចិនបានគំរាមបិទការនាំចេញទុរេនថៃ ប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយទេនោះ។ លោក Sanchai Puranachaikiri មកពីសមាគមពាណិជ្ជករ និងនាំចេញផ្លែឈើស្រស់ថៃ និយាយថា ការព្រមាននេះ បានធ្វើឡើងនៅក្នុងលិខិតរបស់មន្ត្រីព្រំដែនក្នុងប្រទេសចិន។
យោងតាមលិខិតនោះ មន្ត្រីនៅព្រំដែន Mohan បានរកឃើញមេរោគកូវីដ១៩ លើទុរេនដែលត្រូវបាននាំចូលមកពីប្រទេសថៃ។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន រថយន្តដឹកទុរេនចំនួន ៨២ គ្រឿងបានមកដល់កន្លែងត្រួតពិនិត្យ ដោយក្នុងនោះ ៦ គ្រឿងបានរកឃើញថាមានធុរេនដែលផ្ទុកមេរោគកូវីដ១៩។
កាលពីថ្ងៃចន្ទ ការិយាល័យកិច្ចការកសិកម្មនៅទីក្រុងក្វាងចូវ របស់ចិនបានបង្ហោះនៅលើ Facebook ថាមានវិធានការទប់ស្កាត់កូវីដ១៩ យ៉ាងតឹងរ៉ឹងនៅប៉ុស្តិ៍ត្រួតពិនិត្យ Mohan ។ ការិយាល័យដដែល បានក្រើនរំឭកដល់អ្នកនាំចេញឱ្យពិនិត្យមើលផលិតផលរបស់ខ្លួន និងមានវិធានការបង្ការដើម្បីការពារការចម្លងរោគ៕