×

ទៅលេង​ម៉ាល់ឌីវ​នឹង​មិនត្រូវ​ប្ដូរជើងយន្តហោះ​ទេ ខណៈកម្ពុជា កំពុង​ជំរុញ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់

ភ្នំពេញ៖ កម្ពុជា និង ម៉ាល់ឌីវ បានឯកភាពលើការរៀបចំឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ក្នុងពេលខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទេសចរ ដោយអ្នកដំណើរ ពុំចាំបាច់ចំណាយពេលច្រើនក្នុងការផ្លាស់ប្ដូរជើងហោះហើរទៀតឡើយ។

ក្រសួងទេសចរណ៍កម្ពុជា បានជំរុញឱ្យមានជើងហោះហើរត្រង់នេះ ដោយគ្រោងរៀបចំជាសេចក្ដីព្រាងអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ហើយកម្ពុជា និងម៉ាល់ឌីវ ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀង Air Service នាពេលខាងមុខ ដើម្បីបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

ក្រោយជួបពិភាក្សាការងារជាមួយ លោក Mohamed Jinah ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋម៉ាល់ឌីវប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖ “កម្ពុជាក៏បានស្នើសុំ និងមានការឯកភាពគ្នាភាគីទាំងពីរនេះ គឺធ្វើយ៉ាងម៉េចយើងជំរុញឱ្យមានការហោះហើរទៅវិញទៅមក ទោះបីប្រទេសម៉ាល់ឌីវជាប្រទេសតូចមែន ប៉ុន្តែជាប្រទេសដែលសម្បូរទៅដោយកោះ អ៊ីចឹងថ្ងៃក្រោយយើងអាចទៅសិក្សាយកបទពិសោធន៍ពីការអភិវឌ្ឍកោះរបស់ប្រទេសគាត់ មកធ្វើការអភិវឌ្ឍកោះនៅកម្ពុជា”។

កម្ពុជា បានទទួលយកភ្ញៀវទេសចរចាក់វ៉ាក់សាំងពេញលេញ ដោយតម្រូវឱ្យមានតែកាតចាក់វ៉ាក់សាំងមកបង្ហាញប៉ុណ្ណោះ គឺអាចចូលទស្សនានៅកម្ពុជាបាន ហើយអាចសុំទិដ្ឋាការនៅពេលមកដល់កម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង