ហ្វីលីពីន៖ ប្រតិបត្តិការជួយសង្គ្រោះ កំពុងស្វែងរកអ្នកបើកបរដែលជាប់ក្នុងរថយន្ត និងអ្នកដំណើរផ្សេងទៀត ក្នុងទន្លេ Loboc ទីក្រុង Bohol បន្ទាប់ពីស្ពាន ឈ្មោះ Old Loay បានបាក់ នៅរសៀលថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២នេះ។
អាជ្ញាធរហ្វីលីពីន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុក ថា ស្ពាន Old Loay បានបាក់កាលពីម៉ោង ៤ រសៀល ថ្ងៃពុធ។ អង្គភាពគ្រោះមហន្តរាយ និងជួយសង្គ្រោះ រួមទាំងការិយាល័យគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងតំបន់ និងឆ្មាំឆ្នេរសមុទ្រហ្វីលីពីន កំពុងស្ថិតនៅក្នុងតំបន់នេះ ដើម្បីធ្វើប្រតិបត្តិការជួយសង្គ្រោះ។
សេចក្ដីរាយការណ៍ក្នុងស្រុក បានឱ្យដឹងថា ពួកគេបានជួយសង្គ្រោះ មនុស្សចំនួន ៧នាក់រួចហើយ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ។ ក្រុមជួយសង្គ្រោះ អះអាងថា មានអ្នកជាប់នៅក្នុងរថយន្តមួយចំនួន ដែលបានធ្លាក់ចូលទឹក ដែលអាចមានជម្រៅពី ៧ ទៅ ៨ម៉ែត្រ៕