កូរ៉េខាងត្បូង៖ កន្លងមក ឪពុករបស់តារាសម្តែង Song Joong Ki ធ្លាប់បានលេចឮពាក្យចចាមអារ៉ាមថា នៅពេលដែលកូនប្រុសលោកចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រី Song Hye Kyo លោកមិនសូវពេញចិត្តប៉ុន្មានឡើយ ដោយសារ Hye Kyo មានអាយុច្រើនជាងកូនប្រុសរបស់លោកដែលជារឿងមួយធ្វើឱ្យលោកមិនសូវពេញចិត្តប៉ុន្មានឡើយ។
ទោះជាយ៉ាងណា នៅពេលបន្ទាប់មកឪពុករបស់ Joong Ki គឺលោក Song Yong Gak បានបញ្ជាក់ថា នេះគ្រាន់ជាការយល់ច្រលំប៉ុណ្ណោះ ការពិត Hye Kyo គឺជាស្ត្រីដែលមានសម្រស់ស្រស់ស្អាតគួរឱ្យសរសើរ។
បើនិយាយដល់ពេលថ្មីៗនេះវិញ អ្នកគាំទ្រមួយក្រុមរបស់តារាប្រុស Song Joong Ki បានទៅផ្ទះលោក Song Yong Gak ស្ថិតនៅ Daejeon ដោយលោកទទួលស្វាគមន៍ពួកគេយ៉ាងរាក់ទាក់បំផុត ថែមទាំងអនុញ្ញាតិឱ្យដើរមើលក្នុងផ្ទះទៀតផង ពេលនោះអ្វីដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ជាងគេគឺ លោកនៅតែទុករូបថតរបស់កូនប្រុស និងអតីតកូនប្រសារកាលថតរឿង ម្ចាស់ព្រះអាទិត្យ ជាមួយគ្នានៅដាក់តាំងក្នុងផ្ទះមិនដកចេញឡើយ ដែលជាហេតុធ្វើឱ្យចំនុចមួយនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំង។
អ្នកខ្លះបានបញ្ចេញមតិថា កាលដែលគាត់ទុករូបមួយនោះដោយសារគាត់គ្រាន់តែចង់រក្សាស្នាដៃរបស់កូនប្រុសប៉ុណ្ណោះទើបមិនដកចេញ។ គួរបញ្ជាក់ដែរថា បើទោះជាលែងលះអស់រយៈពេល៣ឆ្នាំហើយក៏ដោយ ប៉ុន្តែអតីតគូស្នេហ៍មួយនេះនៅតែធ្វើឱ្យអ្នកគាំទ្រជាច្រើនមិនអស់ចិត្តពីការបែកបាក់របស់អ្នកទាំង២ឡើយ តែទោះជាយ៉ាងណាក៏ទំនាក់ទំនងមួយនេះបានបញ្ចប់ទៅមិនអាចត្រលប់មកវិញបានឡើយ៕