ភ្នំពេញ៖ ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ដែលស្ថិតក្នុងខណ្ឌទួលគោក គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខ ខណៈការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងមួយនេះបានស្ថាបនារួចរាល់ ១០០ភាគរយហើយ ដើម្បីទុកឱ្យប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្សបានដើរឆ្លងកាត់ ដែលអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ថា ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ជាសមិទ្ធផលថ្មីមួយទៀតរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ការដ្ឋាននេះស្ថាបនាបានរួចរាល់១០០ភាគរយហើយ និងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីទុកឱ្យប្រជាពលរដ្ឋ ពិសេស សិស្សានុសិស្សបានដើរឆ្លងកាត់ ព្រោះថា ស្ពានថ្មើរជើងមួយនេះបានហោះលើមហាវិថីធំៗ២ខ្សែ និងនៅលើចំណុចប្រសព្វផ្លូវបែកជា៤ ដែលត្រូវមានអ្នកដើរឆ្លងកាត់ច្រើន។ ដោយមើលឃើញពីបញ្ហានេះ ទើបលោក ឃួង ស្រេង ណែនាំឱ្យស្ថាបនាស្ពានអាកាសថ្មើជើងថ្មីនេះឡើង។
ទាក់ទងនឹងស្ពានថ្មើរជើងនេះ យុវជនម្នាក់ឈ្នោះ ហ៊ុន ពេជ្រធន់នរៈ បានបង្ហាញពីការចាប់អារម្មណ៍ថា បន្ទាប់ពីមានស្ពានមួយនេះហើយ ពួកគេមានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ដោយជួយកាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុ និងមិនបាច់រង់ចាំស្តុប មិនចំណាយពេលយូរដូចជាពេលដែលមិនទាន់មានស្ពានអាកាស។
ស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាងសង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កាត់ទទឹងផ្លូវ ម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បានឆ្លងកាត់ស្ពាននេះដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។ បច្ចុប្បន្ន រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន ៤កន្លែង ក្នុងនោះរួមមាននៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីងចំនួន ១កន្លែង និងនៅផ្សារដើមគរមួយកន្លែងទៀត៕
ដោយ៖ គន្ធ តារាវិឆ័យ