×

អ្នកគាំទ្រម្នាក់​រំភើប​ស្ទើរហោះ នៅពេលដែល Hyun Bin និង Son Ye Jin ដើរ​សំដៅទៅ​ជិត​និយាយ​ពាក្យ អរគុណ សម្រាប់​អាហារ​មួយពេល

កម្សាន្ត៖ មង្គលការរបស់តារាសម្តែង Hyun Bin និង Son Ye Jin បានក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ចាប់តាំងពីថ្ងៃដែលអ្នកទាំង២ប្រកាសពិធីមង្គលការមកម្ល៉េះ។ រំឭកទៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ កន្លងទៅ គូស្វាមីភរិយាថ្មោងថ្មីមួយគូនេះបានហោះទៅកាន់ទឹកដីសហរដ្ឋអាមេរិកដើម្បីក្រេបទឹកឃ្មុំដោយមានអ្នកគាំទ្រជាច្រើនរង់ចាំស្វាគមន៍។

បើទោះជាហោះទៅបរទេសក៏ពិតមែន ប៉ុន្តែសន្ទុះនៃអ្នកគាំទ្រនៅទីនោះបានធ្វើឱ្យអ្នកទាំង២លែងមានឯកជនភាពពេលទៅដល់ព្រលានយន្តហោះ ដោយអ្នកគាំទ្រជាច្រើនបាននាំគ្នាសម្រុកទៅថតរូបដោយមិនមានការសុំអនុញ្ញាត និងសុំចុះហត្ថលេខាជាដើមខណៈអ្នកទាំង២កំពុងមមាញឹកក្នុងការទាញទូរសព្ទខលរកអ្នកទៅទទួល។

ប្រជាប្រិយភាពរបស់ Hyun Bin និង Son Ye Jin ពិតជាមានសន្ទុះមិនធម្មតាឡើយ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ អ្នកគាំទ្រជនជាតិចិនម្នាក់បានចែករំលែកនៅលើបណ្តាញសង្គមចិនថា នាងបានចេញថ្លៃអាហារមួយពេលដល់ Hyun Bin និង Ye Jin បន្ទាប់ពីបានប្រទះឃើញអ្នកទាំង២នៅក្នុងហាងតែមួយជាមួយនាង។

អ្នកគាំទ្ររូបនោះបានបន្ថែមថា បន្ទាប់ពីស្រស់ស្រូបអាហាររួច តារាទាំង២រូបនេះបានដើរសំដៅមករកនាងដើម្បីនិយាយពាក្យអរគុណ ហើយនាងក៏បានឆ្លើយតបជាពាក្យអបអរសាទរមង្គលការរបស់អ្នកទាំង២វិញ បន្ទាប់មក Hyun Bin និង Ye Jin ក៏បានញញឹម និងងក់ក្បាលដោយពោលពាក្យទៅកាន់នាងវិញថា អរគុណច្រើន។

ការចែករំលែករបស់អ្នកគាំទ្ររូបនេះបានធ្វើឱ្យមនុស្សជាច្រើនរំភើបជំនួសដែលនាងបានជួប និងបានចេញថ្លៃអាហារដល់តារាប្រុសស្រីទាំង២នេះ ជាជាងការសុំថតរូប ឬ ហត្ថលេខាទៅវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង